(ម៉ូស្គូ)៖ ក្រោយជំនួបទល់មុខគ្នាផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា រយៈពេលប៉ុន្មានថ្ងៃខាងមុខ នឹងជាថ្ងៃដ៏សំខាន់បំផុត នៅក្នុងបញ្ហាប្រឈមមុខគ្នាពាក់ព័ន្ធនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ម៉ាក្រុង បានពិភាក្សាគ្នាជាមួយលោកប្រធានាធិបតីរុស្ស៉ី អស់រយៈពេលប្រមាណជា៥ម៉ោង។ ក្រោយជំនួបនោះ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ប៉ុន្មានថ្ងៃមុខនេះ នឹងជាថ្ងៃដ៏សំខាន់បំផុត ហើយនឹងតម្រូវឱ្យមានការពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ»។ ចំណែក លោក ពូទីន វិញ បាននិយាយថា គំនិតមួយចំនួនដែលលោកប្រធានាធិបតីបារាំងបានលើកឡើង ទំនងជាអាចជួយបន្ធូរបន្ថយភាពតានតឹងបាន។

ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងពិភាក្សាគ្នាជាថ្មីម្តងទៀត ក្រោយលោក ម៉ាក្រុង ជួបជាមួយថ្នាក់ដឹកនាំរបស់អ៊ុយក្រែន នៅទីក្រុងកៀវនាថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ការជួបមុខគ្នាផ្ទាល់ខាងលើ គឺជាជំនួបកំពូលលើកទីមួយនៅទីក្រុងម៉ូស្គូ ដែលលោក ពូទីន បានរៀបចំឡើងជាមួយ មេដឹកនាំរបស់ប្រទេសលោកខាងលិច គិតចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមប្រមែប្រមូលកម្លាំងទ័ព នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន ដែលបង្កឱ្យក្រុមលោកខាងលិច ព្រួយបារម្ភជាខ្លាំងថា វាជាការត្រៀមឈ្លានពានអ៊ុយក្រែន បើទោះបីជាទីក្រុងម៉ូស្គូ បានបដិសេធថា មិនមានផែនការយ៉ាងដូច្នោះក៏ដោយ៕