(ប៉េកាំង)៖ អំឡុងបុណ្យចូលឆ្នាំខាលប្រពៃណីចិនឆ្នាំ២០២២ ខ្លាឃ្មុំផានដាចិនមួយក្បាលឈ្មោះ «Bing Dundun» បាននិងកំពុងទទួលប្រជាប្រិយភាពជាងខ្លាទៅទៀត។ ខ្លាឃ្មុំផានដានេះជាតុក្កតាសិរីមង្គល នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ បច្ចុប្បន្ននេះ បើចង់ទិញតុក្កតា «Bing Dundun» គឺពិបាកណាស់ មិនត្រឹមតែហាងលក់ទំនិញតាមអនឡាញ បានដាច់ស្ដុកប៉ុណ្ណោះទេ ហាងទំនិញធម្មតាក៏តម្រង់ជួរវែងអន្លាយដែរ រហូតដល់អ្នកប្រើបណ្តាញអ៊ីនធឺណែតរបស់ចិន បានបង្កើតពាក្យថា «ពិបាករកបាន Dundun» ដើម្បីពណ៌នាពីការលក់ដាច់ និងពេញនិយមរបស់ខ្លាឃ្មុំផានដានេះ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ស្របគ្នានឹងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ទីផ្សារប្រើប្រាស់ក្នុងវិស្សមកាល បានបញ្ចេញភាពរស់រវើកកាន់តែច្រើន សេដ្ឋកិច្ចព្រិលទឹកកកបាន «អុជបំភ្លឺ» បុណ្យចូលឆ្នាំថ្មីចិន។

ខណៈពេលការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អ្វីដែលប្រជាជនចិននិយមចូលចិត្ត មិនគ្រាន់តែផលិតផលពាក់ព័ន្ធនឹង ការប្រកួតកីឡាអូឡាំពិករដូវរងាប៉ុណ្ណោះទេ ថែមទាំងក៏មានកីឡាព្រិលទឹកកកផងដែរ។ យោងតាមទិន្នន័យរបស់វេទិកាកក់សេវាកម្មខាងទេសចរណ៍ តាមអនឡាញមួយរបស់ប្រទេសចិនបានឱ្យដឹងថា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វេទិកានេះបានលក់សំបុត្រកីឡាដ្ឋានជិះស្គីព្រិល កើនឡើងប៉ុន្មានដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន នៅក្រុង Haerbin ខេត្ត Heilongjiang ភ្នំ Changbaishan ខេត្តJilin និងតំបន់ Aletai នៃភូមិភាគស៊ីនជាំងជាដើម ដោយសារជាតំបន់ទេសចរណ៍ខាងព្រិលទឹកក បានជាការកក់បន្ទប់សណ្ឋាគារនៅជុំវិញ ក៏បានកើនឡើងលើសពីពីរដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ខណៈពេលប្រទេសចិនស្នើសុំរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងកាលពី២០១៥ ប្រទេសចិនក៏បានលើកឡើងនូវគោលដៅស្តីពី “ការជំរុញឱ្យប្រជាជនចិន៣រយលាននាក់ចូលរួមកីឡាព្រិលទឹកកក” ។ បច្ចុប្បន្ននេះ គោលដៅនេះត្រូវបានសម្រេចរួចហើយ គិតរហូតដល់ខែតុលា ឆ្នាំ២០២១ ប្រជាជនចិនដែលបានចូលរួមកីឡាព្រិលទឹកកកបានឡើងដល់ ៣៤៦លាននាក់ អត្រាចូលរួមកីឡាព្រិលទឹកកកគឺ២៤.៥៦ភាគរយ។ ទាំងកីឡាព្រិលទឹកកក ទេសចរណ៍ព្រិលទឹកកក បរិក្ខារព្រិលទឹកកក ការវិនិយោគនិងផ្តល់សហហិរញ្ញប្បទាន ក្នុងឧស្សាហកម្មព្រិលទឹកកក ឧស្សាហកម្មព្រិលទឹកកករបស់ចិន ត្រូវបានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសិក្សាស្រាវជ្រាវពីទេសចរណ៍នៃប្រទេសចិន បានចេញផ្សាយរបាយការណ៍ដោយប៉ាន់ប្រមាណថា ពីឆ្នាំ២០២១ដល់ឆ្នាំ២០២២ ប្រាក់ចំណូលដែលបានមកពីទេសចរណ៍ព្រិលទឹកកករបស់ចិន ត្រូវបានរំពឹងថា នឹងឡើងដល់ ៣២៣,៣០០លានប្រាក់យាន់ចិន។

ដោយបានចាត់ទុកការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ជាកាលានុវត្តភាព ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ ប្រទេសចិនក៏បានជំរុញឱ្យបង្កើត និងអភិវឌ្ឍឧស្សាហកម្មព្រិលទឹកកកយ៉ាងផុសផុល នៅពីក្រោយនេះ គឺក្រុមអ្នកប្រើប្រាស់ដែលមានចំនួនយ៉ាងច្រើនសន្ធឹក ពោពេញទៅដោយសក្តានុពលនិងភាពរស់រវើក។ ពួកគេរីករាយសាកល្បងរឿងថ្មីៗ និងស្វែងរកការដកបទពិសោធន៍ ដ៏មានគុណភាពខ្ពស់ក្នុងជីវភាពរស់នៅ ដែលបានក្លាយជាកម្លាំងចលករ និងប្រភពធនធានសម្រាប់ឱ្យទីផ្សារប្រើប្រាស់ចិន ឡើងកម្រិតថ្នាក់ និងរីកចម្រើនទៅមុខឥតឈប់ឈរ។

បើមើលពីសភាពការណ៍ពេញមួយឆ្នាំ២០២២ អាចឃើញថា សេដ្ឋកិច្ចចិនបានងើបឡើងវិញជាបន្តបន្ទាប់ ប្រការនេះបាននាំមកនូវសភាពសេដ្ឋកិច្ច ដែលទទួលបានការកែលម្អ ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង ប្រកបដោយស្ថិរភាព ក្រៅពីនេះរដ្ឋាភិបាលចិន ក៏បានដាក់ចេញគោលនយោបាយជំរុញការចំណាយមួយចំនួន ដើម្បីផ្តល់ការគាំទ្រដល់សេដ្ឋកិច្ចចិន ដូច្នេះនឹងបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងចលករកាន់តែច្រើនដល់ទីផ្សារប្រើប្រាស់។

ដូចអ្នកវិភាគបានលើកឡើងថា ទីផ្សារប្រើប្រាស់ក្នុងឆ្នាំ២០២២ នឹងមានតម្រូវការនិងការផ្គត់ផ្គង់កាន់តែសម្បូរបែប កាន់តែមានលក្ខណៈពិសេស កាន់តែមានគុណភាពនិងសេវាកម្មល្អ គោលបំណងរបស់ប្រជាជនចិន ដែលចង់ស្វែងរកជីវភាពរស់នៅកាន់តែល្អបវរ និងសក្តានុពលនៃទីផ្សារដ៏ធំធេងក្នុងប្រទេសចិន នឹងផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការងើបឡើងវិញនៃទីផ្សារប្រើប្រាស់៕ (#CCFR Comment#)