(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថារដ្ឋាភិបាលរបស់លោកនឹងមិនប្រើ កម្លាំងកងទ័ព ប្រឆាំងនឹងក្រុមបាតុករជាអ្នកបើករថយន្ដដឹកទំនិញ ដែលកំពុងធ្វើបាតុកម្មតវ៉ាបិទផ្លូវ ទាមទារឱ្យលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការអះអាងរបស់លោក ឌ្រូដូ កើតមានឡើង បន្ទាប់ពីមន្ត្រីប៉ូលិសជាន់ខ្ពស់ប្រចាំរដ្ឋធានីអូតាវ៉ា (Ottawa) បានឱ្យដឹងកាលពីថ្ងៃពុធថា មានកាំភ្លើងជាច្រើនដើម
ត្រូវបានគេរត់ពន្ធប្រគល់ទៅឱ្យក្រុមបាតុករ ដែលនេះតម្រូវឱ្យមានការប្រើប្រាស់កម្លាំងយោធា។ ប៉ុន្តែ គំនិតនេះត្រូវបានលោក ឌ្រូដូ ដែលកំពុងប្រឈមមុខនឹង ការទាមទារឱ្យចុះចេញពីតំណែងផងនោះ ច្រានចោល។

គួរបញ្ជាក់ថា ក្រុមបាតុករជាអ្នកបើករថយន្ដដឹកទំនិញ បានធ្វើបាតុកម្មតវ៉ាបិទផ្លូវជាងមួយសប្ដាហ៍មកហើយ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកាណាដា លុបចោល កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19។ ពួកគេបានបិទផ្លូវជាច្រើន នៅក្នុងរដ្ឋធានីអូតាវ៉ាជាមួយរថយន្ដដឹកទំនិញ និងរថយន្ដច្រើនជាង ២០០គ្រឿងដែល កំពុងបង្កការរំខានយ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍នៅក្នុងរដ្ឋធានី ហើយមានគម្រោងធ្វើបាតុកម្មបិទផ្លូវដូចគ្នានេះដែរនៅទីក្រុង Toronto និងទីក្រុង Quebec នៅក្នុងសប្ដាហ៍នេះ៕