(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១១,០២៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៧០៥ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៥៥ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៧៨៣ករណី, ខេត្ត Hải Phòng ៤៩៦ករណី និងខេត្តQuảng Nam៤៧៥ករណី។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃអង្គារនេះក្រសួងសុខាភិបាលវៀតណាម មិនបានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ទេ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,២៨៦,៧៥០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,០២២,៤៥០នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៧,៧៧៧នាក់ដដែល៕