(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យបុគ្គលិកទូត និងក្រុមគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសបេឡារុស ខណៈពលរដ្ឋអាមេរិកក៏ត្រូវបានព្រមាន មិនឲ្យធ្វើដំណើរទៅកាន់ ប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ នៃក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយយោងទៅលើការព្រួយបារម្ភ និងសកម្មភាពមិនប្រក្រតីនៃយោធារុស្ស៊ី នៅក្បែរព្រំដែនអ៊ុយក្រែននោះ ពលរដ្ឋអាមេរិកដែលកំពុងស្ថិតនៅបេឡារុស ឬគ្រោងធ្វើដំណើរទៅកាន់ប្រទេសនេះ គួរតែមានការប្រុងប្រយ័ត្ន ចំពោះមុខស្ថានការណ៍ដែលឥតព្រាងទុក និងភាពតានតឹងក្នុងតំបន់កំពុងកើនឡើង»

គួរបញ្ជាក់ថា ការចេញបទបញ្ជា និងព្រមាន ពីសំណាក់ទីក្រុងវ៉ាស៊ីនតោនខាងលើនេះ បានកើតមានឡើង ស្របពេលភាពតានតឹងរវាងខ្លួន និងទីក្រុងម៉ូស្គូ ជុំវិញបញ្ហាអ៊ុយក្រែន បន្តកើនឡើងកាន់តែខ្លាំង។ កងទ័ពរុស្ស៊ីរាប់សែននាក់ និងសព្វាវុធធុនធ្ងន់ផងដែរ ត្រូវបានគេដឹងថា កំពុងមានវត្តមាននៅលើទឹករុស្ស៊ី ក្បែរព្រំដែនអ៊ុយក្រែន ខណៈលោកខាងលិចនៅតែបន្តចោទប្រកាន់ថា រុស្ស៊ីអាចនឹងវាយលុកចូលអ៊ុយក្រែន ឆាប់បំផុតនៅពាក់កណ្តាលខែកុម្ភៈនេះ៕