(ហ្សឺណែវ)៖ របាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា សំរាមទ្រង់ទ្រាយធំពីបណ្តាមន្ទីរពេទ្យ COVID-19 ទូទាំងពិភពលោក ក្នុងនោះមានដូចជា ឧបករណ៍ធ្វើតេស្ត, សឺរ៉ុាង និងសំបកដបវ៉ាក់សាំងដែលប្រើប្រាស់រួច កំពុងតែបង្កការគំរាមកំហែងដល់បរិស្ថាន និងសុខភាពរបស់មនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍ខាងលើនេះ ក៏បានគូសបញ្ជាក់ផងដែរថា ឧបករណ៍វេជ្ជសាស្ត្រមួយចំនួន អាចមានជាប់នូវមេរោគ COVID-19 ក្រោយប្រើប្រាស់រួច ដែលជាហេតុបង្ខំឲ្យក្រុមការងារសុខាភិបាល ធ្វើការដុតកម្ទេចចោល ដើម្បីបំផ្លាញមេរោគទាំងនោះ។ WHO បានព្រមានថា សហគមន៍ក្រីក្រ និងមិនបានចាត់ចែងការគ្រប់គ្រង សំរាមវេជ្ជសាស្ត្រទាំងនេះ ឲ្យបានត្រឹមត្រូវ នោះនឹងបង្កផលប៉ះពាល់ដល់ខ្យល់់អាកាស និងទឹកប្រើប្រាស់។

របាយការណ៍ WHO ក៏បានជំរុញផងដែរ ឲ្យមានការធ្វើកំណែទម្រង់ និងការវិនិយោគ ក្នុងនោះរួមការកាត់បន្ថយការប្រើប្រាស់របស់វេចខ្ចប់ ដែលនាំឲ្យមានការបោះចោលសំរាមផ្លាស្ទិកកាន់តែច្រើន និងងាកមកប្រើប្រាស់របស់របរ ដែលអាចប្រើប្រាស់ឡើងវិញបានជាដើម។

គួរបញ្ជាក់ថា ឧបករណ៍ការពារខ្លួន (PPE) ពី COVID-19 យ៉ាងហោចណាស់ ៨៧,០០០តោន ត្រូវបានបញ្ជាទិញនៅទូទាំងពិភពលោក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ហើយភាគច្រើននៃរបស់របរទាំងអស់នេះ ត្រូវបានគេជឿជាក់ថា បានក្លាយជាសំរាម។ ដោយឡែកឧបករណ៍ធ្វើតេស្តរក COVID-19 ប្រមាណ ១៤០លានកំផ្លេ ឬស្មើនឹងទម្រង់ ២,៦០០តោន ក៏ត្រូវបានចាត់ទុកថា បានក្លាយជាសំរាមផងដែរ ខណៈសំបកដបវ៉ាក់សាំងប្រមាណជាង ៨ពាន់លានដូស បានក្លាយសំរាមដែលមានទម្រង់ ១៤៤,០០០តោន៕