(ខូផែនហាហ្គែន)៖ ដាណឺម៉ាកនៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្លាយជាប្រទេសមុនគេនៅសហភាពអឺរ៉ុប (EU) ដែលដកចេញនូវវិធានការទប់ស្កាត់ COVID-19 ទាំងអស់ ខណៈអត្រាចាក់វ៉ាក់សាំង នៅក្នុងប្រទេសនេះបានកើនឡើងដល់កម្រិតខ្ពស់ ដែលត្រូវបានគេជឿជាក់ថា អាចទប់ទល់នឹងវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

បន្ទាប់ពីការសាកល្បងដកចេញ នូវវិធានការទប់ទល់ COVID-19 កាលពីអំលុងខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសដាណឺម៉ាកជាថ្មីម្តងទៀត បានសម្រេចចិត្តដកការរឹតត្បិត ពាក់ព័ន្ធនឹងការពាក់ម៉ាស និងការកំណត់ម៉ោងឲ្យបារ និងភោជនីយដ្ឋានបើកដំណើរការ។

និស្សិតដាណឺម៉ាកអាយុ ១៧ឆ្នាំម្នាក់ បានប្រាប់ AFP នៅមុនមួយថ្ងៃនៃការដកវិធានការរឹតត្បិត COVID-19 ទាំងស្រុងនេះថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់ ចាប់ពីថ្ងៃស្អែកនេះតទៅ។ វាល្អណាស់សម្រាប់ជីវិតអ្នកទីក្រុង និងជីវិតពេលរាត្រី ដែលអាចឲ្យយើងដើរលេងខាងក្រៅបានកាន់តែយូរ...»

គួរបញ្ជាក់ថា នៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈនេះ ក្លឹបកម្សាន្តរាត្រីក៏អាចបើកដំណើរការឡើងវិញផងដែរ និងមិនមានការកំណត់ចំនួន អ្នកចូលកម្សាន្តទៀតនោះឡើយ។ យ៉ាងណាក៏ដោយ ការរឹតបន្តឹងតាមតំបន់មួយចំនួន នៅព្រំដែនដាណឺម៉ាក នៅតែបន្ត ចំពោះអ្នកមិនបានចាក់វ៉ាក់សាំង មកពីប្រទេសក្រៅ។ គិតត្រឹមពេលនេះ ប្រជាជនដាណឺម៉ាក់ជាង ៦០% បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» និង ៨១% បានទទួលការចាក់គ្រប់ដូស៕