(ប៉េកាំង)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាឱកាសសំខាន់មួយ សម្រាប់ពិភពលោកស្វែងយល់ពីវប្បធម៌ «សុខដុម» របស់ប្រទេសចិន។ ប្រជាជននៃប្រទេសជាច្រើន ចូលចិត្តវប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពីព្រោះប្រទេសចិនដែលមានការអភិវឌ្ឍដោយឥតឈប់ឈរ បានភ្ជាប់ការទាក់ទងកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសលើលោក មួយទៀតគឺព្រោះខ្លឹមសារផ្នែកវប្បធម៌ និងគុណតម្លៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានធ្វើឱ្យប្រជាជននៃបណ្តាប្រទេសចាប់អារម្មណ៍ថា ស៊ីគ្នានឹងគុណតម្លៃរបស់ខ្លួន។ វប្បធម៌ «សុខដុម» នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានគេសម្គាល់ថា កាន់តែមានតម្លៃក្នុងយុគសម័យបច្ចុប្បន្ន ដែលសកលលោករួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រោមសភាពការណ៍អន្តរជាតិដ៏កាន់តែស្មុគស្មាញ។

* សុខដុម ជារឿងសំខាន់មួយដែលអាចផ្សារភ្ជាប់បណ្តាប្រទេសជាមួយគ្នា

វប្បធម៌ «សុខដុម» ផ្សព្វផ្សាយពីទស្សនៈអន្តរជាតិ អំពីការស្វែងរកសុខសន្តិភាព សមស្របនឹងតម្រូវការទូទៅរបស់ប្រជាជននៃបណ្តាប្រទេស ដែលចង់បានស្ថរិភាពនិងសន្តិសុខ។ ជំងឺកូវីដ ១៩ នៅតែកំពុងរាលដាលជាសកល ខណៈពិភពលោកស្ថិតក្នុងសភាពការណ៍ប្រែប្រួលយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍។ ក្នុងគ្រាពិសេសនៃប្រវត្តិសាស្ត្រ វប្បធម៌មានអំណោយផលដល់ ការស្វែងយល់ពីបំណងប្រាថ្នារបស់ប្រជាជន។ វប្បធម៌ «សុខដុម» ដែលប្រជាជាតិចិនបន្តពីមួយជំនាន់ទៅមួយជំនាន់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដល់វិធីសាស្ត្រទាក់ទងជាមួយប្រទេសផ្សេងរបស់ចិន។ ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ច នូវមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព មានឆន្ទៈថែរក្សា គាំពារ ចែករំលែកសន្តិភាពជាមួយប្រជាជននៃបណ្តាប្រទេស។

* ភាពខុសគ្នារួមរស់នៅជាមួយ កកើតជាភាពសុខដុមរមនា

វប្បធម៌ «សុខដុម» ផ្សព្វផ្សាយពីទស្សនៈសង្គមស្តីពីភាពបរិយាប័ន្ន ដែលសមស្របនឹងតម្រូវការទូទៅ របស់ប្រជាជនគ្រប់ប្រទេស ដែលចង់ឱ្យវប្បធម៌ខុសគ្នា ផ្លាស់ប្តូរគ្នាកាន់តែស៊ីជម្រៅ។ យុគសម័យនេះភពផែនដីគឺភូមិតូចមួយ យើងពឹងលើវេទិកាព័ត៌មានវិទ្យា វប្បធម៌ខុសៗគ្នាអាចទាក់ទងគ្នាផ្ទាល់ នៅគ្រប់ពេលវេលាបាន។ ប្រជាជនប្រទេសជាច្រើនបានចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ បានបង្ហាញឱ្យឃើញថា វប្បធម៌ខុសគ្នាស្ថិតនៅជាមួយគ្នាយ៉ាងល្អប្រសើរ។ ឱ្យតែគោរពគ្នា ផ្តោតសំខាន់លើភាពដូចគ្នា ទទួលយកភាពខុសគ្នា នឹងអាចរួមរស់នៅដោយសន្តិភាពបាន ក៏នឹងជំរុញដល់អរិយធម៌មនុស្សជាតិផងដែរ។

* ធម្មជាតិ និងមនុស្សជាតិមានភាពសុខដុម

វប្បធម៌ «សុខដុម» ផ្តួចផ្តើមពីទស្សនៈគាំពារអេកូឡូស៊ី ដែលសមស្របនឹងតម្រូវការទូទៅ នៃការអភិវឌ្ឍបៃតងរបស់ប្រជាជននៃបណ្តាប្រទេស។ ការអនុលោមតាមក្រឹតក្រមធម្មជាតិ និងគោរពធម្មជាតិ មានអំណោយផលដល់ការជំរុញសេដ្ឋកិច្ចពិភពលោក ឱ្យស្តារឡើងវិញប្រកបដោយភាពបៃតង។

* មនុស្សម្នារួមរស់នៅដោយសុខដុមរមនា

វប្បធម៌ «សុខដុម» ផ្សព្វផ្សាយពីសច្ចធម៌ដែលថា មនុស្សត្រូវមានគុណធម៌ ដែលសមស្របនឹងតម្រូវការទូទៅរបស់ប្រជាជនគ្រប់ប្រទេស ដែលចង់បានការផ្លាស់ប្តូរគ្នាយ៉ាងសុខដុមរមនា។ យើងមិនបំភ្លេចគ្រាដែលមនុស្សម្នាជួយគាំទ្រគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជួបនឹងលំបាកទើបដឹងពីមិត្តភាពពិត។

ស្វែងយល់ពីវប្បធម៌ «សុខដុម» តាមរយៈការរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក៏ជាស្ពាននៃការផ្លាស់ប្តូរមួយផងដែរ ដែលនឹងបន្ថែមកម្លាំងវិជ្ជមាន កាន់តែច្រើនដល់យើង។ ជោគវាសនារបស់មនុស្សជាតិផ្សារតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ការសម្រេចជីវភាពរស់នៅល្អបវរ មិនអាចគ្មានកម្លាំងនៃ «សុខដុម» នោះទេ។ មានតែបន្តជំរុញឱ្យប្រជាជនគ្រប់ប្រទេស ពង្រីកការយោគយល់គ្នាឱ្យកាន់តែស៊ីជម្រៅ បន្តបង្កើនមនសិការ កសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ទើបមនុស្សជាតិអាចបន្តប្រមូលផ្តុំកម្លាំង នៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីទប់ទល់បញ្ហាសកល រួមគ្នាបង្កើតអនាគតដ៏ល្អបវរ៕