(ប៉េកាំង)៖ ថ្ងៃទី៣១ ខែមករា ជាថ្ងៃដាច់ឆ្នាំចាស់តាមចន្ទគតិចិន។ នៅយប់នេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានដាក់ចេញរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២២ ដែលប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង។ ចម្រៀង និងរបាំដ៏ស្រស់ស្អាត រឿងកំប្លែងខ្លីៗដ៏គួរឱ្យអស់សំណើច កម្មវិធីវេទមន្ត និងសៀកដែលប្រកបដោយអាថ៌កំបាំង និងគ្រោះថ្នាក់ ព្រមទាំងកម្មវិធីដែលមានគំនិតឆ្នៃប្រឌិត លាយបញ្ចូលគ្នាបែបអនាគត និងវិទ្យាសាស្ត្របច្ចេកវិទ្យា បានកំដរទស្សនិកជនរាប់រយលាននាក់ នៅទូទាំងពិភពលោក អបអរទទួលយប់ដាច់ឆ្នាំចាស់ ប្រកបដោយភាពសប្បាយរីករាយ និងសិរិមង្គល ដើម្បីស្វាគមន៍ការមកដល់ឆ្នាំថ្មី ឆ្នាំខាល តាមចន្ទគតិចិន។

ឆ្នាំ២០២២នេះ គឺជាលើកទី ៤០ ដែលស្ថានីយទូរទស្សន៍មជ្ឈិមចិន រៀបចំធ្វើរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ដោយបានប្រើប្រាស់អេក្រង់ LED ជាលើកដំបូង ហើយប្រើប្រាស់បច្ចេកវិទ្យាចក្ខុវិញ្ញាណ XR និង AR ដើម្បីនាំមកនូវចំណីចក្ខុយ៉ាងពេញលក្ខណៈដល់ទស្សនិកជន។ ប្រព័ន្ធសារព័ត៌មានចំនួនជាង ៦០០ ដែលមកពីប្រទេសនិងតំបន់ជាង ១៧០ នៅទូទាំងពិភពលោក បានធ្វើការផ្សាយផ្ទាល់ និងផ្សាយដំណឹងអំពីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីចិនលើកនេះ៕