(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ណូប៊ូអុ គីស៊ិ (Nobuo Kishi) បានថ្លែងនៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំងជប៉ុន F-15 ដែលបានបាត់ដំណឹងនោះ ទំនងជាបានធ្លាក់ទៅហើយ ខណៈអាកាសយានិក ២នាក់នៅលើនោះកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នាព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការថ្លែងរបស់រដ្ឋមន្ត្រីជប៉ុនខាងលើនេះ បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក ហ៊ីរ៉ូកាហ្ស៊ុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានអះអាងនៅថ្ងៃអង្គារដដែលនេះថា បំណែកខ្លះនៃយន្តហោះចម្បាំង F-15 នោះត្រូវបានរកឃើញហើយ។ យន្តហោះចម្បាំង F-15 ខាងលើនេះ គឺជារបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ដែលបានបាត់ដំណឹង ក្រោយពីទើបហោះឡើងបានតែមួយភ្លែតប៉ុណ្ណោះ កាលពីរសៀលថ្ងៃចន្ទម្សិលមិញ។

ទោះបីជាមានសារព័ត៌មានក្នុងស្រុកជប៉ុនមួយ បានរាយការណ៍ថា អាកាសយានិកម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានរកឃើញនៅក្នុងសមុទ្រជប៉ុនក្តី ក៏លោករដ្ឋមន្ត្រីការពារជាតិជប៉ុនបានអះអាងថា មកទល់នឹងពេលនេះ ពួកគេទាំងពីរនាក់នៅតែបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់អំពីមូលហេតុ ដែលបានបណ្តាលយន្តហោះចម្បាំងជប៉ុន F-15 ខាងលើនេះ ជួបគ្រោះថ្នាក់នៅឡើយទេ។ បច្ចុប្បន្ន យន្តហោះយោធា, ឧទ្ធម្ភាគចក្រ និងនាវាផងដែរ កំពុងតែតាមស្វែងរកយន្តហោះចម្បាំង F-15 និងអាកាសយានិកទាំង ២នាក់នោះ ដែលត្រូវបានគេជឿជាក់ថា បានធ្លាក់ទៅក្នុងសមុទ្រនៅចម្ងាយ ៥គីឡូម៉ែត្រ ពីមូលដ្ឋានទ័ពអាកាស កូម៉ាត់ស៊ូ (Komatsu) នៃខេត្ត អ៊ីស៊ិកាវ៉ា (Ishikawa) ជាប់ដែនសមុទ្រភាគលិចប្រទេសជប៉ុន៕