(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ នៅថ្ងៃចន្ទដើមសប្តាហ៍នេះបានប្រកាសថា ខ្លួនកំពុងពិភាក្សាជាមួយបណ្តាសម្ព័ន្ធមិត្ត នៅតំបន់ភាគខាងកើតអឺរ៉ុប អំពីការបង្កើនចំនួនទ័ពរបស់ខ្លួនបន្ថែម ឲ្យទៅចូលរួមជាមួយកងកម្លាំងអង្គការ NATO នៅភាគខាងកើតអឺរ៉ុប ស្របតាមគោលដៅរបស់់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួបគាំទ្រ NATO ប្រឈមមុខនឹងការបង្កើនចំនួនទ័ព និងសព្វាវុធរុស្ស៊ី នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីសម្រេចថ្មីៗ ដែលអាចនឹងខាងកើតឡើងខាងលើនេះ គឺជាផែនការដាច់ដោយឡែកពី ការប្រកាសដាក់កងទ័ពអាមេរិក ៨,៥០០នាក់ ឲ្យប្រុងជើងការក្នុងកម្រិតខ្ពស់កាលពីសប្តាហ៍មុន ឆ្លើយតបនឹងការបង្កើនចំនួនទ័ពរុស្ស៊ី ដល់រាប់សែននាក់់ និងសព្វាវុធធុនធ្ងន់ក្នុងទ្រង់់ទ្រាយធំ នៅក្បែរព្រំដែនអ៊ុយក្រែន។ មន្ទីរបញ្ចកោណបានបន្ថែមថា ផែនដីការថ្មីនេះ គឺស្របទៅនឹងការលើកឡើងដោយ លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍មុន អំពីការដាក់ពង្រាយទ័ពបន្ថែម ទៅកាន់ភាគខាងកើតអឺរ៉ុបក្នុងពេលឆាប់ៗ។

ជុំវិញផែនការខាងលើនេះ, អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ខឺប៊ី (John Kirby) បានបកស្រាយថា ទ័ពដែលលោក ចូ បៃដិន បានរំលឹកកាលពីថ្ងៃសុក្រសប្តាហ៍មុននោះ គឺអាចនឹងត្រូវដាក់ពង្រាយ នៅក្នុងតំបន់អឺរ៉ុប។ លោក John Kirby បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងកំពុងឆ្លងកាត់ការបំពេញការងារយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជម្រើសនានា ទៅដល់មេបញ្ជាការកំពូលយោធារបស់យើង ថាគួរសម្រេចចិត្តធ្វើបែបនេះ ដែរឬទេ តាមរយៈការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធទាំងឡាយ»

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនៅតែបន្តរក្សាវត្តមានទ័ពរបស់ខ្លួន នៅក្បែរព្រំដែនអ៊ុយក្រែនដដែល និងមានការធ្វើសមយុទ្ធយោធាផងដែរ ដែលបានធ្វើឲ្យក្រុមសម្ព័ន្ធមិត្តអាមេរិកព្រមានថា រុស្ស៊ីអាចនឹងវាយលុកអ៊ុយក្រែន យ៉ាងឆាប់បំផុតនៅពាក់កណ្តាលខែកុម្ភៈនេះ។ តែយ៉ាងណា រុស្ស៊ីបានចេញមុខច្រានចោល នូវការអះអាងរបស់លោកខាងលិចបែបនេះ៕