(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសកាណាដា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីតោន) បានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងមន្ត្រីមីយ៉ាន់ម៉ា ចំឱកាសខួប ១ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ចេញពីអំណាច ដែលបានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

សកម្មភាពរួមគ្នា ដោយប្រទេសសម្ព័ន្ធមិត្តអាមេរិកខាងលើនេះ គឺមានគោលដៅទៅលើមន្ត្រីយុត្តិធម៌នៅមីយ៉ាន់ម៉ា ដែលកំពុងដំណើរការកាត់ក្តី លោកស្រី អោង សាន ស៊ូ ជី និងអតីតមន្ត្រីរដ្ឋាភិបាលមុនមួយចំនួនទៀត។ ដោយឡែក មេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺលោក មីន អោង ឡាំង (Min Aung Hlaing) និងសមាជិកនៃរដ្ឋាភិបាលយោធាមួយចំនួនទៀត សុទ្ធតែបានទទួលរងការដាក់ទណ្ឌកម្ម ពីបណ្តាប្រទេសទាំងនេះរួចទៅហើយ។

ទីក្រុងវ៉ាស៊ីនតោនក៏បានទម្លាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើអ្នកដែលទទួលត្រូវ ក្នុងការទិញអាវុធពីក្រៅប្រទេស សម្រាប់ផ្គត់ផ្គង់ឲ្យយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនដែលផ្តល់ហិរញ្ញវត្ថុ ទ្រទ្រង់របបយោធាផងដែរ។

ជុំវិញការដាក់ទណ្ឌកម្មបន្ថែមខាងលើ, រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) បានលើកឡើងថា ការរួមគ្នាបញ្ចេញសកម្មភាពពេលនេះ គឺជាការបង្ហាញអំពំការគាំទ្ររបស់អន្តរជាតិ សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ព្រមទាំងជាការជំរុញបន្ថែមទៀត ឲ្យមានការទទួលខុសត្រូវចំពោះរដ្ឋប្រហារ និងអំពើហិង្សា ដែលបានផ្តាច់ជីវិតមនុស្សជិត ១,៥០០នាក់ និងមនុស្ស ១០,០០០នាក់ទៀត ត្រូវបានចាប់ឃុំឃាំងដោយយោធា៕