(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៩៦,៩៥៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣២៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៥,៥៧៨,០៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩០៧,១៩០នាក់ និងជាសះស្បើយឡើងសរុបជាង ៤៥.៩៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមអ្នកជំនាញនៃសហរដ្ឋអាមេរិកបានសន្និដ្ឋានថា វីរុសបំប្លែងរង (sub variant) ពី Omicron ដែលគេហៅជាបណ្តោះអាស្នថា «BA.2» មានលទ្ធផលចម្លងរហ័សជាង Omicron ប្រមាណ «១.៥ដង» ហើយចំនួនរដ្ឋជិតពាក់កណ្តាលហើយ នៅទូទាំងសហរដ្ឋអាមេរិក បានរាយការណ៍ពីការរកឃើញវត្តមានវីរុស BA.2 នេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៣៨លានដូស ក្នុងនោះប្រជាជន ២៥១.២៩លាននាក់ (៧៦.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១០.៧៦លាននាក់ (៦៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៧.២៤លាននាក់ (២៦.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕