(ប៉េកាំង)៖ ឱ្យតែមើលពីលំហូរនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាសកលនៅប៉ុន្មានឆ្នាំកន្លងទៅនេះ ក៏អាចឃើញថាគំនិតស្តីពីការផ្តាច់ទំនាក់ទំនងជាមួយ ប្រទេសចិនគឺគ្មានទីសំអាងទាល់តែសោះ។

ទិន្នន័យសេដ្ឋកិច្ច និងសមិទ្ធផលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគីមួយចំនួនរបស់ចិននៅឆ្នាំ២០២១ ដែលបានចេញផ្សាយជាបន្តបន្ទាប់នៅពេលថ្មីៗ
កន្លងទៅនេះ ក៏បានបញ្ជាក់ពីប្រការនេះម្តងទៀតផងដែរ។ «តារាងពិន្ទុ» ដ៏លេចធ្លោនៃដំណើរការពាណិជ្ជកម្មរបស់ចិននៅឆ្នាំ២០២១ បានបង្ហាញយ៉ាង ពេញលេញថាប្រទេសចិនបានអនុវត្តតាមពាក្យសន្យាស្តីពីការពង្រីកការបើកទូលាយជាប់រហូតមក ហើយមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយពិភពលោក។

ពិភពលោកត្រូវការប្រទេសចិន។ មួយផ្នែក ប្រទេសចិនដែលត្រូវគេប្រៀបប្រដូចជា «រោងចក្រពិភពលោក» មានសមត្ថភាពផលិតយ៉ាងខ្លាំង និងក្លាយជាកម្លាំង គន្លឹះក្នុងការលំនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ តាមទិន្នន័យដែលរដ្ឋបាលជាតិគយរបស់ចិនបានប្រកាសឱ្យដឹងថា ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាមេរិកបានឡើងដល់ជាង ៧៥៥ពាន់លានដុល្លារអាមេរិក កើនឡើង ២៨.៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២០ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រម្តងទៀត។

នេះបានបង្ហាញឱ្យឃើញថែមមួយកម្រិតទៀតថា ចិន និងសហរដ្ឋអាមេរិកដែលជាតួអង្គសេដ្ឋកិច្ចធំបំផុតចំនួនពីរលើទូទាំងពិភពលោកកាន់តែពឹងផ្អែកទៅ លើគ្នាឥតឈប់ឈរក្នុងវិស័យពាណិជ្ជកម្ម។ អ្វីដែលហៅថា ចិន និងសហរដ្ឋអាមេរិកផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះគឺជារឿងមិនពិត និងគួរឱ្យអស់សំណើច។

មួយផ្នែកទៀត ទីផ្សារចិនដែលបានងើបឡើងវិញប្រកបដោយភាពនឹងនរបានផ្តល់ឱកាសវិនិយោគកាន់តែទូលំទូលាយដល់សហគ្រាសទូទាំងពិភពលោក។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ទីផ្សារប្រទេសចិនគឺជា «ចំណុចដ៏លេចធ្លោ» លើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសអន្តរប្រទេសជាច្រើន។ នេះក៏ជា មូលហេតុ ពិតដែលសហរដ្ឋអាមេរិកតម្លើងការប្រមូលពន្ធគយទៅលើទំនិញប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅក៏ដោយ ក៏មិនអាចរារាំង សហគ្រាសអាមេរិកវិនិយោគទុននៅប្រទេសចិននោះឡើយ។

បច្ចុប្បន្ននេះ ប្រទេសចិនដែលបានគ្រប់គ្រងជំងឺកូវីដ១៩ នាំមុខគេ និងសម្រេចការស្តារសេដ្ឋកិច្ចឡើងវិញមុនគេ បានក្លាយជា «កម្លាំងសំខាន់ក្នុងការដឹកនាំ ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ»។ តាមពិតទៅ ចិនក៏ត្រូវការពិភពលោកដែរ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនគឺ មានភាពជិតស្និទ្ធមិនអាចឃ្លាតពីការបញ្ជូលក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកឥតឈប់ឈរបានឡើយ។ កំណែទម្រង់ និងការបើកទូលាយបាននាំមកនូវកម្លាំង ចលករកំណើនដល់ប្រទេសចិន ហើយក៏បាននាំមកនូវជីវភាពរស់នៅកាន់តែល្អបវរដល់ប្រជាជនចិនផងដែរ។
នេះហើយក៏ជាមូលហេតុសំខាន់មួយដែលប្រទេសចិនប្រកាន់ខ្ជាប់ពហុភាគីនិយម និងការធ្វើសកលភាវូបនីយកម្មជាប់រហូតមកផងដែរ។ មានតែពិភពលោកល្អ ទើបប្រទេសចិនបានល្អ មានតែប្រទេសចិនបានល្អ ទើបពិភពលោកនឹងកាន់តែល្អ៕