(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានជាថ្មីថាខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន រួមទាំងសម្ពន្ធមិត្ត NATO កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងកំញើញកុំឱ្យទីក្រុងម៉ូស្គូប្រើកម្លាំងយោធាលើអ៊ុយក្រែន។ នេះបើតាមការចេញ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) អនុរដ្ឋលេខាធិការក្រសួងការបរទេស អាមេរិក លោកស្រី វិចតូរៀ នូលែន (Victoria Nuland) បានសង្កត់ធ្ងន់ទៀតថាសំណើស្ដីពីបញ្ហាសន្តិសុខកាលពីសប្ដាហ៍មុនរបស់អាមេរិក និង NATO ទៅកាន់ រុស្ស៊ីអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ទីក្រុងម៉ូស្គូ។ លោកស្រី បញ្ជាក់ដូច្នេះថា «យើងបានទទួលដំណឹងមកខ្លះថារុស្ស៊ីចាប់អារម្មណ៍នឹងសំណើដែល បានស្នើ ក្នុងនោះរួមមានទាំងកិច្ចចរចាថ្មីមួយនៅក្នុងសប្ដាហ៍នេះរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី»

ដោយឡែក ឆ្លើយតបទៅនឹងស្ថានការណ៍ក្ដៅសព្វថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក៏បានឱ្យដឹងដែរថាចក្រភពអង់គ្លេស អាចនឹងបញ្ចេញច្បាប់ដាក់ទណ្ឌកម្មនៅក្នុងសប្ដាហ៍នេះ ដោយមានគោលដៅលើវិស័យសេដ្ឋកិច្ចជាច្រើនរបស់រុស្ស៊ី។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ការភ័យខ្លាចពីការផ្ទុះសង្រ្គាមនៅតែមានដដែល បើទោះជារុស្ស៊ីអះអាងថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើអ៊ុយក្រែន ក៏ដោយ ស្របពេលកងទ័ពរុស្ស៊ីជាង ១សែននាក់ នៅតែបន្តឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន រីឯ NATO កំពុងបង្កើនការដាក់ពង្រាយកងទ័ព និងសព្វាវុធ ទៅកាន់តំបន់អឺរ៉ុបខាងកើត៕