(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភជាខ្លាំងជុំវិញការបង្កើនការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចនឹងនាំទៅរកការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើអាមេរិកមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ដែរ ឬក៏យ៉ាងណា? មន្ត្រីរូបនេះដដែលបានបញ្ជាក់
ដូច្នេះថា «ជាការពិតណាស់, យើងពិតជាមានការព្រួយបារម្ភ... ហើយយើងមិនចង់ឃើញការធ្វើតេស្ដរបៀបនេះទៀតទេ ដូច្នេះយើងអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដទាំងនេះតទៅទៀត និងត្រឡប់មករតុចរចាជាថ្មី»

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃចន្ទនេះដែរ បានចេញមុខអះអាងថាមីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM) ហើយក៏ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដជាលើកដំបូង បំផុតផងដែរចាប់តាំងពីឆ្នាំ២០១៧មក និងជាលើកទី៧ នៅក្នុងខែមករានេះ៕