(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានចេញមុខអះអាង នៅព្រឹកថ្ងៃចន្ទនេះថា មីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

វាជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានធ្វើតេស្ត មីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩០០គីឡូម៉ែត្រ ទៅដល់ជាង ៥,០០០គីឡូម៉ែត្រនេះ ហើយសកម្មភាពនៃការហោះហើរ របស់គ្រាប់មីស៊ីល Hwasong-12 នោះ ក៏ត្រូវបានផ្តិតយកយ៉ាងល្អិតល្អន់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «ការអង្កេតលើសកម្មភាពធ្វើតេស្ត ត្រូវបានធ្វើឡើង ដោយស្ថិតក្នុងគោលដៅតាមដាន គ្រាប់មីស៊ីល Hwasong-12 ដែលជាប្រភេទមីស៊ីលបាញ់ចេញពីលើដី និងវាយប្រហារគោលដៅនៅលើដី»។ កូរ៉េខាងជើងធ្លាប់បានអះអាងថា មីស៊ីល Hwasong-12 អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតធំតែម្តង។

គួរបញ្ជាក់តាម KCNA ទៀតថា កូរ៉េខាងជើងបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ចំពោះការធ្វើតេស្ត Hwasong-12 ខាងលើនេះ ដើម្បីធានាសុវត្ថិភាពដល់ប្រទេសជិតខាង។ កាមេរ៉ាពិសេសមួយគ្រឿង ក៏ត្រូវបានបំពាក់លើក្បាលគ្រាប់ Hwasong-12 ផងដែរ ដើម្បីថតយករូបភាពគ្រាប់មីស៊ីលនេះ នៅពេលវាស្ថិតក្នុងទីអវកាស៕