(ឡុងដ៍)៖ ចក្រភពអង់គ្លេស កំពុងពិចារណាដាក់ពង្រាយកងទ័ព និងសព្វាវុធជាលក្ខណៈទ្រង់ទ្រាយធំ ក្រោមក្របខណ្ឌអង្គការ NATO ដើម្បីជួយពង្រឹងតំបន់ ព្រំដែនអឺរ៉ុប ឆ្លើយតបទៅនឹងការប្រមូលផ្ដុំកងទ័ពរបស់រុស្ស៊ីនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមក្រុមមន្ត្រីអង់គ្លេស ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

ក្រុមមន្ត្រីអង់គ្លេស បានឱ្យដឹងទៀតថាលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន កំពុងពិចារណាពីលទ្ធភាពស្នើឱ្យបណ្ដាប្រទេសជាសមាជិក NATO បង្កើនការ ដាក់ពង្រាយកងទ័ព និងសព្វាវុធទៅកាន់ប្រទេសអេស្ដូនី ដើម្បីជាសារមួយផ្ញើជូនឱ្យរុស្ស៊ីដឹងថា NATO នឹងមិនអនុញ្ញាតឱ្យមានសកម្មភាពបង្កអស្ថិរភាព ហើយ អង់គ្លេសនឹងឈរប្រកៀកស្មាជាមួយសម្ពន្ធមិត្ត ប្រឈមមុខជាមួយរុស្ស៊ី។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន មានគម្រោងបំពេញទស្សនិច្ចមួយនៅក្នុងតំបន់អឺរ៉ុបនៅស ប្ដាហ៍ក្រោយ តែមិនទាន់មានការបញ្ជាក់ ពីទីតាំងដែលលោកត្រូវបំពេញទស្សនកិច្ចឡើយ ខណៈលោកផ្ទាល់ក៏នឹងត្រូវជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីនផងដែរ៕