(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៥,៧២៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៩០៧ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៦៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៨៧៣ករណី, ខេត្ត Bắc Ninh ៧៩៤ករណី និងខេត្ត Thanh Hóa ៧២៧ ករណី។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១២៦នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,២០៣,២០៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៩៤៥,៦១១នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៧,២៩១នាក់៕