(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលអាមេរិកបានចេញសេចក្តីណែនាំព្រមានក្រុមហ៊ុននានា ឱ្យប្រុងប្រយ័ត្នខ្លួនជុំវិញការធ្វើអាជីវកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមហេតុផលថា ពួកគេអាចប្រឈមហានិភ័យក្នុងការជាប់ពាក់ព័ន្ធជាមួយ រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍មួយ ដែលមានការចុះហត្ថលេខាពីក្រសួងពាក់ព័ន្ធចំនួន៦របស់អាមេរិក បានលើកឡើងថា ក្រុមហ៊ុនដែលជាប់ទាក់ទងក្នុងអាជីវកម្ម ដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា អាចប្រឈមហានិភ័យក្នុងការចូលរួមពាក់ព័ន្ធ ក្នុងសកម្មភាពដែលធ្វើឱ្យពួកគេត្រូវជួបប្រទះបញ្ហាធ្ងន់ធ្ងរផ្នែកកេរ្តិ៍ឈ្មោះ ហិរញ្ញវត្ថុ និងផ្លូវច្បាប់ជាដើម។

ក្នុងនោះវិនិយោគិននិងអ្នកជំនួញទាំងឡាយ ត្រូវបានព្រមានជាពិសេសឱ្យចៀសឆ្ងាយពី សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ, វិស័យត្បូងនិងលោហៈមានតម្លៃ, គម្រោងអចលនទ្រព្យនិងសំណង់ ព្រមទាំងអាជីវកម្មពាក់ព័ន្ធនឹងគ្រឿងអាវុធ ព្រោះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើ ឧស្សាហកម្មទាំងអស់នេះត្រូវបានចាត់ទុកជា ប្រភពចម្បងដែលផ្តល់ធនធានសេដ្ឋកិច្ចដល់របបយោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើ មិនមែនជាបទបញ្ជាដែលត្រូវអនុវត្តតាមនោះឡើយ ដោយវាគ្រាន់ជាសេចក្តីណែនាំមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែការព្រមាននេះកើតមានឡើង ស្របពេលដែលក្រុមហ៊ុនបរទេសធំៗជាច្រើន ដែលបានបោះទុនវិនិយោគនៅមីយ៉ាន់ម៉ា បានចាប់ផ្តើមនាំគ្នាដកខ្លួនចេញទៅវិញ ចំពោះមុខការគ្រប់គ្រងអំណាចរបស់រដ្ឋាភិបាលយោធា៕