(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផែនការប្រើកម្លាំងយោធា វាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ បើទោះជាទីក្រុងម៉ូស្គូ បដិសេធការចោទប្រកាន់បែបនេះក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើនៅក្នុងវេទិកាមួយ នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោកស្រី Wendy Sherman បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដឹងថាគាត់ (លោក ពូទីន) បានសម្រេចចិត្តរួចហើយ ឬក៏យ៉ាងណានោះទេ ប៉ុន្តែយើងបាន ឃើញយ៉ាងច្បាស់ពីភស្តុតាងជាច្រើនដែលអាចបង្ហាញបានថាគាត់អាចនឹងប្រើកម្លាំងយោធា ចាប់ពីពេលនេះតទៅ ឬនៅពាក់កណ្ដាលខែកុម្ភៈខាងមុខ»។
គួរបញ្ជាក់ថា បើតាមលោកស្រី Wendy Sherman សហរដ្ឋអាមេរិកនឹងបន្តជំរុញការដោះស្រាយបញ្ហាតាមយន្ដការការទូត ប៉ុន្តែព្រមពេលជាមួយគ្នា ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់សេណារីយ៉ូអាក្រក់ណាមួយ៕