(ប៉េកាំង)៖ ចាប់តាំងពីលោក Joe Biden ឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិក អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ អត្រាគាំទ្ររបស់លោកបានធ្លាក់ចុះឥតឈប់ឈរ ធ្វើឱ្យលោកក្លាយជា «ប្រធានាធិបតីដ៏ទន់ខ្សោយ» មុនកាលកំណត់។ តាមលទ្ធផលនៃការស្ទង់ប្រជាមតិ ដែលសកលវិទ្យាល័យ Quinnipiac របស់សហរដ្ឋអាមេរិកបានប្រកាសឱ្យដឹងថា អត្រាគាំទ្ររបស់លោក Joe Biden មានត្រឹមតែ ៣៣ភាគរយប៉ុណ្ណោះ ដែលបានបំបែកកំណត់ត្រាទាបបំផុត ពោលគឺធ្វើឱ្យលោកក្លាយជាប្រធានាធិបតីមួយរូប ក្នុងចំណោមប្រធានាធិបតី ដែលមិនត្រូវប្រជាជនស្វាគមន៍បំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
លោក Joe Biden បានប្រែមកជា «ទន់ខ្សោយ» គឺមកពីកត្តាច្រើនយ៉ាងលាយឡំគ្នា ហើយក៏បានបង្ហាញពីគុណវិបត្តិទូទៅមួយចំនួន ក្នុងវិស័យនយោបាយបក្សទាំងពីរ និងអភិបាលកិច្ចក្នុងសង្គមរបស់សហរដ្ឋអាមេរិកផងដែរ។
ប្រឈមមុខនឹងវីរុសបម្លែងថ្មីប្រភេទ Omicron ដែលមានសភាពរាតត្បាតខ្លាំង និងបានវាយទម្លុះរបាំងការពារនៃវ៉ាក់សាំងកូវីដ១៩ រដ្ឋាភិបាលរបស់លោក Joe Biden មិនបានត្រៀមខ្លួនជាមុន និងទាន់ពេលវេលា ដែលបណ្តាលឱ្យការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តវីរុស និងម៉ាសដែលមានគុណភាពខ្ពស់ជាដើម ខ្វះខាតយ៉ាងធ្ងន់ធ្ងរ និងបានចំណាយពេលវេលាអស់ជាច្រើន។ បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក មានភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ពោលគឺករណីឆ្លងថ្មី ករណីសម្រាកក្នុងមន្ទីរពេទ្យ និងករណីស្លាប់មានចំនួនបន្តកើនឡើងឥតឈប់ឈរ មន្ទីរពេទ្យក្នុងតំបន់ជាច្រើន បានដំណើរការហួសពីសមត្ថភាព។
ចំណែកខាងវិស័យ «ធ្វើឱ្យសហរដ្ឋអាមេរិកសាមគ្គីគ្នា» វិញ លោក Joe Biden ក៏ខ្វះសមត្ថភាពគ្រប់គ្រាន់ដែរ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ បក្សទាំងពីររបស់សហរដ្ឋអាមេរិកកាន់តែបដិបក្ខគ្នា សភាពជាប់គាំងផ្នែកនីតិបញ្ញតិ នៃរដ្ឋសភាក៏កាន់តែពិបាកដោះស្រាយ ការបែកបាក់ក្នុងសង្គម និងការមិនជឿទុកចិត្តចំពោះរដ្ឋាភិបាល និងប្រព័ន្ធសារព័ត៌មានរបស់ប្រជាជនកាន់តែខ្លាំងឡើងៗ ហើយផ្នែកការទូតនិងសេដ្ឋកិច្ចក៏ទទួលបរាជ័យដែរ។
ក្នុងវិស័យសេដ្ឋកិច្ច ពិតមែនតែក្នុងរយៈពេលមួយឆ្នាំកន្លងមក បន្ទាប់ពីលោក Joe Biden ឡើងកាន់មុខតំណែង ប្រាក់ខែនៅសហរដ្ឋអាមេរិកបានកើនឡើងជាទូទៅ សហគ្រាសថ្មីបានលេចចេញជាច្រើន និងកម្រិតភាពក្រីក្របានធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែភាពបរាជ័យធំទាំងពីរ ពោលគឺ វិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ និងអត្រាអតិផរណាកើនខ្ពស់ជាបន្តបន្ទាប់ សឹងតែធ្វើឱ្យសមិទ្ធផលដែលរដ្ឋាភិបាលរបស់លោក Joe Biden ទទួលបានខាងវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលិចលង់។
ក្នុងវិស័យការទូត លោក Joe Biden ក៏មិនបានបង្កើតរូបភាពជា «មេដឹកនាំខ្លាំងពូកែ» នោះដែរ។ កាលពីចុងខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានដកទ័ពចេញពីអាហ្វហ្កានីស្ថាន យ៉ាងប្រញាប់ប្រញាល់ អង្គការតាលីបង់កាន់អំណាចជាតិសាជាថ្មីឡើងវិញ ដំណោះស្រាយដែលដកទ័ពចេញរបស់រដ្ឋាភិបាលរបស់ លោក Joe Biden ស្ទើរតែត្រូវគេទទួលស្គាល់ជាទូទៅថា ជាភាពបរាជ័យដ៏ធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន យ៉ាងលំបាកលំបិនបែបនេះ មិនត្រឹមតែបំផ្លាញកិត្តិយសសហរដ្ឋអាមេរិក និងធ្វើឱ្យសម្ព័ន្ធមិត្តបាត់បង់ទំនុកចិត្តប៉ុណ្ណោះទេ ថែមទាំងក៏នាំឱ្យសមត្ថភាពដឹកនាំរបស់លោក Joe Biden រងការសង្ស័យយ៉ាងខ្លាំងផងដែរ ដែលក្លាយជាចំណុចរបត់មួយនៃអត្រាគាំទ្រ ក្នុងការស្ទង់ប្រជាមតិរបស់លោក Joe Biden។
បើមើលពីរយៈពេលមួយឆ្នាំកន្លងទៅនេះ លោក Joe Biden ជំនួសលោកត្រាំចូលកាន់អំណាចក្នុងសេតវិមាន គឺមិនអាចនាំឱ្យពិភពលោកឃើញ ការលើកកម្ពស់កិត្តិយសរបស់សហរដ្ឋអាមេរិកនោះទេ។ ឆ្នាំនេះជាឆ្នាំបោះឆ្នោតដំណាក់កាលកណ្តាល របស់សហរដ្ឋអាមេរិក អ្នកជំនាញបានសម្គាល់ជាទូទៅថា បក្សសាធារណរដ្ឋមានលទ្ធភាពខ្ពស់ណាស់ ដែលអាចដណ្តើមយកឋានៈជាបក្សភាគច្រើន យ៉ាងហោចណាស់ក្នុងសភាមួយនៃរដ្ឋសភា ក្នុងការបោះឆ្នោតដំណាក់កាលកណ្តាល នេះគឺមានន័យថា លោក Joe Biden នឹងមានឋានៈកាន់តែទន់ខ្សោយ ក្នុងរយៈពេលពាក់កណ្តាលខាងក្រោយ នៃអាណត្តិរបស់ខ្លួន៕ (#CCFR Comment#)