(វ៉ាស៊ីនតោន)៖ សេតវិមានទីក្រុងវ៉ាស៊ីនតោន បានប្រកាសឲ្យដឹងថា គិតត្រឹមពេលនេះ វ៉ាក់សាំងបង្ការ COVID-19 របស់សហរដ្ឋអាមេរិកសរុប ៤០០លានដូសហើយ ត្រូវបានបញ្ជូនទៅកាន់ប្រទេសចំនួន ១១២ នៅលើពិភពលោក ដែលជាផ្នែកមួយនៃការប្តេជ្ញាបរិច្ចាគវ៉ាក់សាំង ១.២ពាន់លានដូស ទៅដល់បណ្តាប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។
លោក ចេហ្វ ហ្ស៊ានស៍ (Jeff Zients) អ្នកសម្របសម្រួលកម្មវិធីពាក់ព័ន្ធ COVID-19 របស់សេតវិមាន បានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «ថ្ងៃនេះ, យើងសម្រេចបានព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលរបស់យើង នោះគឺវ៉ាក់សាំង ៤០០លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ១១២ ដោយមិនគិតថ្លៃ និងគ្មានភ្ជាប់ចំណងអ្វីទាំងអស់»។
បើតាមប្រភពពីសារព័ត៌មាន CNN វ៉ាក់សាំងដែលត្រូវបានបរិច្ចាគចុងក្រោយគេ ដែលនាំឲ្យសហរដ្ឋអាមេរិក មើលឃើញចំនួនបរិច្ចាគគ្រប់ ៤០០លានដូសខាងលើនេះ គឺវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន ៣.២លានដូស ដែលត្រូវបានបរិច្ចាគទៅកាន់ប្រទេសបង់ក្លាដែស និង ៤.៧លានដូស ទៅកាន់ប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ថា កន្លងមកនេះរដ្ឋបាលលោក ចូ បៃដិន បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំង COVID-19 ក្នុងកញ្ចប់ទី ២ ប្រមាណ ៥០០លានដូសទៀតទៅកាន់អន្តរជាតិ តាមរយៈយន្តការចែកចាយវ៉ាក់សាំង COVAX។ តបតាមការប្តេជ្ញាចិត្តបន្ថែមនេះ សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង ទៅកាន់ពិភពលោកសរុបរហូតដល់ទៅ ១.២ពាន់លានដូស ខណៈក្រុមអ្នកជំនាញអន្តរជាតិបានអះអាងថា ប្រទេសក្រីក្រទាំងឡាយ ត្រូវការវ៉ាក់សាំងយ៉ាងហោចណាស់ចាប់ពី ៥ ទៅ ៦ពាន់លានដូស៕