(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខនឹងការធ្វើតេស្ដយ៉ាងធំពីបណ្ដាប្រទេសដែល អាមេរិកចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយ។ នៅអឺរ៉ុប លោក បៃដិន ត្រូវដោះស្រាយជាមួយរុស្ស៊ី រីឯនៅអាស៊ី កូរ៉េខាងជើងចាប់ផ្ដើមធ្វើតេស្ដ មីស៊ីលឡើងវិញជាបន្តបន្ទាប់ ខណៈចិនក៏កាន់តែបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ផងដែរ។

នៅក្រោមរដ្ឋបាលលោក ចូ បៃដិន សហរដ្ឋអាមេរិកបានចាត់ទុកចិនជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់ខ្លួន ក្នុងស.វទី២១នេះ។ ម្លោះហើយ អាមេរិក បច្ចុប្បន្នត្រូវស្ថិតនៅក្នុងស្ថានការណ៍មួយដ៏ពិបាក នោះគឺត្រូវការពារសម្ពន្ធមិត្តអឺរ៉ុប នៅក្នុងករណីផ្ទុះជម្លោះជាមួយរុស្ស៊ីផង និងត្រូវយកភ្នែក តាមមើលសកម្មភាពចិន និងកូរ៉េខាងជើងផង។

*ការធ្វើតេស្ដលើអំណាចរបស់សហរដ្ឋអាមេរិក

ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច ក្រោមថ្វីដៃក្រុមតាលីបង់ ត្រូវបានក្រុមអ្នកជំនាញមួយចំនួនយល់ថាចិន ឬក៏រុស្ស៊ី អាចនឹងធ្វើការសន្និដ្ឋានថាឥទ្ធិពលរបស់អាមេរិកកំពុងថយចុះ។ តួយ៉ាង លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនបានដឹងយ៉ាងច្បាស់ថាលោក បៃដិន សព្វថ្ងៃ កំពុងផ្តោតទៅលើចិន ហើយចិនវិញក៏កំពុងសប្បាយចិត្តដែរដែលអាមេរិកកំពុងជាប់ដៃទប់ទល់ជាមួយរុស្ស៊ី នៅក្នុងតំបន់អឺរ៉ុប។

លោក បៃដិន ធ្លាប់អះអាងម្ដងហើយម្ដងទៀតថា «អាមេរិកបានត្រឡប់មកវិញហើយ» (America is Back)។ ប៉ុន្តែ ក្រោយបរាជ័យនៅអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១ វាបានធ្វើឱ្យបណ្ដាប្រទេសជាសម្ពន្ធមិត្តមានការសង្ស័យជាច្រើនចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិក ដើម្បីការពារពួកគេ ហើយនេះ មិនទាន់រាប់បញ្ចូលបញ្ហានយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកផង។ មេដឹកនាំចិន និងរុស្ស៊ី ឬក៏កូរ៉េខាងជើងប្រហែលជាយល់ថាពេលនេះជាឱកាស
មួយដែលពួកគេត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីវាយបំបាក់ឥទ្ធិពល និងទំនុកចិត្តរបស់បណ្ដាប្រទេសនានាលើសហរដ្ឋអាមេរិក។

ជាឧទាហរណ៍ ខណៈរុស្ស៊ីត្រូវបានបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ថាកំពុងត្រៀមលក្ខណៈប្រើកម្លាំងយោធា តាមរយៈការដាក់ពង្រាយកងទ័ព ជាង១សែននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ចិនវិញកាលពីពេលថ្មីៗនេះបានបញ្ជូនកងយន្ដហោះចម្បាំង៣៩គ្រឿង ហោះចូលដែនកំណត់ អត្តសញ្ញាណការពារអាកាសតៃវ៉ាន់។ នេះអាចនិយាយបានថាសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងជម្រើសមួយដ៏ពិបាក គឺត្រូវការពារសម្ពន្ធមិត្តនៅ អឺរ៉ុបផង និងត្រូវតាមឃ្លាំមើលសកម្មភាពរបស់ចិន និងកូរ៉េខាងជើងនៅអាស៊ីផង ជាមួយការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងទៅកាន់
តំបន់សមុទ្រចិនខាងត្បូង។

ដូច្នេះសំណួរដ៏ពិបាកនឹងរកចម្លើយនៅត្រង់នេះ នោះគឺថាតើសហរដ្ឋអាមេរិកត្រូវធ្វើបែបណា ប្រសិនបើរុស្ស៊ីវាយប្រហារលើ អ៊ុយក្រែន ហើយចិនវាយប្រហារលើកោះតៃវ៉ាន់ ក្នុងពេលតែមួយ?

បើតាមក្រុមអ្នកជំនាញ ទាំងចិន ជាពិសេសរុស្ស៊ី សុទ្ធតែកំពុងធ្វើតេស្ដលើសហរដ្ឋអាមេរិក និង NATO ដើម្បីចង់ដឹងថាតើពួកគេអាចដើរដល់ទៅណា? ម្លោះហើយចំពោះបញ្ហានៅអ៊ុយក្រែន អាមេរិក និង NATO មិនអាចដកថយឡើយ មានតែត្រូវប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះទីក្រុងម៉ូស្គូ ព្រោះថាការបង្ហាញ ជំហរទន់ខ្សោយណាមួយ វានឹងមានតែធ្វើឱ្យលោក ពូទីន ធ្វើការសន្មត់នៅក្នុងចិត្តថាអំណាច ឬឥទ្ធិពលរបស់អាមេរិក និង NATO ពិតជាធ្លាក់ចុះមែន ដែលជាពេលរុស្ស៊ីត្រូវធ្វើសកម្មភាពតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា រុស្ស៊ី និង NATO កំពុងស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ដោយភាគីម្ខាងៗ បាន និងកំពុងបង្កើនការដាក់ពង្រាយកងទ័ព និងសព្វាវុធ រួមទាំងធ្វើសមយុទ្ធយោធានៅក្នុងតំបន់ បង្ហាញសាច់ដុំដាក់គ្នាទៅវិញទៅមក។ វិបត្តិអ៊ុយក្រែន និងរុស្ស៊ី ត្រូវបានក្រុមអ្នកជំនាញយល់ឃើញដូចៗគ្នាថា នឹងក្លាយជាការកំណត់ជោគវាសនានៃតំណែងជាប្រធានាធិបតីអាមេរិករបស់លោក ចូ បៃដិន ព្រមទាំងទំនុកចិត្តរបស់សម្ពន្ធមិត្តចំពោះសហរដ្ឋអាមេរិក ផងដែរ៕

ប្រភព៖ CNN (ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២)