(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានផ្តល់ការអនុញ្ញាតចំពោះ គម្រោងលក់ប្រព័ន្ធរ៉ាដាការពារដែនអាកាស និងយន្តហោះយោធា C-130 Super Hercules ឱ្យទៅប្រទេសអេហ្ស៉ីប ក្នុងតម្លៃសរុបជាង ២.៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

ក្រសួងការពារជាតិអាមេរិកបានបន្ថែមថា ក្នុងគម្រោងខាងលើ គឺនឹងរួមមានយន្តហោះ C-130J Super Hercules (ស៊ូភើ ហឺគ្យូលីស) ចំនួន១២គ្រឿង ដែលមានតម្លៃរហូតដល់២.២ពាន់លានដុល្លារ ហើយវានឹងគិតបញ្ចូលទាំងបរិក្ខាគាំទ្រ គ្រឿងបន្លាស់ និងជំនួយផ្នែកបច្ចេកទេស។ ក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) នឹងជាអ្នកម៉ៅការធំ សម្រាប់យន្តហោះទាំងនេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលអេហ្ស៉ីប ក៏បានស្វែងរកទិញប្រព័ន្ធរ៉ាដា SPS-48 សម្រាប់ការពារសន្តិសុខដែនអាកាស ចំនួន៣ឈុតផងដែរ ដោយក្រុមហ៊ុន L3Harris Technologies នឹងជាអ្នកទទួលបន្ទុកសម្រាប់ប្រព័ន្ធរ៉ាដាទាំងនេះ ដែលនឹងមានតម្លៃ៣៥៥លានដុល្លារ។

គួរបញ្ជាក់ថា យ៉ាងណាក្តី ការអនុញ្ញាតពីក្រសួងការបរទេសអាមេរិកខាងលើនេះ មិនមែនមានន័យថា កិច្ចសន្យាទិញ-លក់ ត្រូវសម្រេចបានរួចហើយ ឬមួយក៏ដំណើរការចរចាត្រូវបានបញ្ចប់ជាស្ថាពរនោះទេ៕