(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៥,៧៨៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងស្លាប់ថ្មី ៦៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសហ្វីលីពីន កើនដល់ ៣,៤៧៥,២៩៣នាក់ ក្នុងនោះស្លាប់ ៥៣,៦៦៤នាក់ និងជាសះស្បើយឡើងវិញ ៣,១៩១,២១៩នាក់។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការឆ្លងរាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង ហ្វីលីពីនបានមើលឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃកើនឡើងខ្ពស់ជាថ្មី ដោយកាលពីថ្ងៃទី១៥ ខែមករា កន្លងទៅ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ ៣៩,០០៤នាក់។ ដោយឡែក មកទល់នឹងពេលនេះ ហ្វីលីពីនដែលមានប្រជាជនប្រមាណ ១១០លាននាក់ សម្រេចបានការធ្វើតេស្ដរក COVID-19 លើប្រជាជនច្រើនជាង ២៥លាននាក់ ចាប់តាំងពីជំងឺឆ្លងមួយនេះផ្ទុះឡើងក្នុងឆ្នាំ២០២០មក៕