(វ៉ាស៊ីនតោន)៖ បណ្ដាមេដឹកនាំលោកខាងលិច បានបង្កើនការត្រៀមលក្ខណៈដើម្បីឆ្លើយតបទៅនឹងរាល់សកម្មភាពយោធារបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ជាមួយការបើកកិច្ចពិភាក្សាស្ដីពីការការពារការផ្គត់ផ្គង់ថាមពល ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មដោយផ្ទាល់លើ

លោកប្រធានាធិបតី ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

ភាពតានតឹងកាន់តែឡើងកម្ដៅ បន្ទាប់ពីអង្គការ NATO កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថានឹងបង្កើនការដាក់ពង្រាយកងទ័ព ព្រមទាំងសព្វាវុធ ក្នុងនោះរួមមាននាវាចម្បាំង និងយន្ដហោះចម្បាំង ទៅកាន់តំបន់អឺរ៉ុបខាងកើត ក៏ដូចជាបញ្ជាឱ្យកងទ័ពរបស់ខ្លួនប្រុងជើងការខ្ពស់ ឆ្លើយតបទៅនឹងសកម្មភាពយោធារុស្ស៊ីនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។

លោក ចូ បៃដិន បានអះអាងជាថ្មីឡើងវិញថាសហរដ្ឋអាមេរិកគ្មានផែនការបញ្ជូនកងទ័ពដោយផ្ទាល់ទៅកាន់អ៊ុយក្រែនឡើយ តែលោកបានព្រមានទុក ជាមុនថាលោកនឹងពិចារណាដាក់ទណ្ឌកម្មលើលោក ពូទីនតែម្ដង ហើយរុស្ស៊ីនឹងត្រូវរងការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារអ៊ុយក្រែន។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក លើមេដឹកនាំបរទេសដោយផ្ទាល់ មិនមែនជារឿងដែលមិនធ្លាប់កើតមាននោះទេ ដោយមេដឹកនាំបរទេស ដែលកំពុង និងធ្លាប់បានជាប់ទណ្ឌកម្ម ក្នុងនោះរួមមានប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ, ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ និងអតីតមេដឹកនាំលីប៊ី លោក កាដាហ្វីជាដើម៕