(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អំពីការបំបែកទណ្ឌកម្ម ក្នុងនោះក៏រួមមានទណ្ឌកម្ម ទៅលើប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោយផ្ទាល់ផងដែរ ខណៈកងទ័ពរុស្ស៊ីត្រូវបានគេមើលឃើញថា កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ នៅជិតព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

សេតវិមានទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភាពតានតឹងហាក់ដូចជាកំពុងកើនឡើង... ហានិភ័យនៃការឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ីនៅតែមាន។ វានឹងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ និងឈានដល់ថ្នាក់ផ្លាស់ប្តូរពិភពលោកផងដែរ។ លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងថា លោកនឹងពិចារណាដាក់ទណ្ឌកម្មដោយផ្ទាល់ ចំពោះលោក ពូទីន... ជាកញ្ចប់នៃទណ្ឌកម្ម ដែលកំពុងត្រូវបានរៀបចំឡើង»

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងអំពីការត្រៀមដាក់ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន លើសពីអ្វីដែលខ្លួនបានដាក់កាលពីឆ្នាំ២០១៤ ទៅលើរុស្ស៊ី ក្រោយពីប្រទេសនេះបានក្រសោបយកតំបន់ គ្រីមា (Crimea) ពីអ៊ុយក្រែនវិញនោះទៅទៀត។

បើតាមមន្ត្រីដដែលខាងលើនេះ ទណ្ឌកម្មថ្មីៗដែលសហរដ្ឋអាមេរិក គ្រោងដាក់លើរុស្ស៊ីនោះរួមមាន ការនាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ពីអាមេរិក ពាក់ព័ន្ធ AI (បញ្ញាសិប្បនិមិត្ត), កុំព្យូទ័រក្វាន់ធឹម និងកិច្ចការងារបម្រើវិស័យអវកាសជាដើម, ហើយប្រសិនបើវិស័យទាំងអស់នេះ ត្រូវបានបិទខ្ទប់ចំពោះរុស្ស៊ីនោះ សហរដ្ឋអាមេរិកជឿជាក់ថា វានឹងធ្វើឲ្យមហិច្ឆតាយុទ្ធសាស្ត្ររបស់លោក ពូទីន រងផលប៉ះពាល់យ៉ាងដំណំ៕