(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៥,៧៤៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៩៥៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៩៩ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៩៨៩ករណី, ខេត្ត Hải Phòng ៧០៤ករណី និងខេត្ត Hưng Yên ៦២៣ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១២៦នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,១៧១,៥២៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៩០៤,០៦៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៧,០១០នាក់៕