(ប៉េកាំង)៖ នៅថ្ងៃទី ១៧ ខែមករាកាលពី ៥ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ នៃវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស ប្រទេសស្វ៊ីស សុន្ទរកថារបស់លោកបានផ្តោតលើសំណួរដែលថា «តើពិភពលោកនេះកើតមានបញ្ហាអ្វី ហើយតើយើងត្រូវធ្វើយ៉ាងម៉េច» បាននាំមកនូវជំនឿចិត្ត និងកម្លាំងចិត្តសម្រាប់ពិភពលោក។

លោកនេះ ក្នុងថ្ងៃទី ១៧ ខែមករាដដែល លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ ប្រឈមមុខនឹងសំណួរដែលថា «តើត្រូវ» យកឈ្នះជំងឺឆ្លងយ៉ាងម៉េច? តើត្រូវកសាងពិភពលោកយ៉ាងម៉េច ក្រោយបញ្ចប់ជំងឺឆ្លង? លោកបានអំពាវនាវបណ្តាភាគីឱ្យ រួមគ្នាពង្រឹងជំនឿចិត្តយ៉ាងមុតមាំ និងឈានទៅមុខយ៉ាងអង់អាចក្លាហាន។

ផ្តោតលើសេដ្ឋកិច្ចពិភពលោក លោក Xi Jinping ធ្លាប់ធ្វើការប្រៀបធៀបចំនួន ៤ ដូចខាងក្រោមនេះ ដែលបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងស៊ីជម្រៅ៖

១៖ «ទូកធំ»

ក្នុងព្យុះភ្លៀងនៃវិបត្តិសកល ប្រទេសនានាមិនមែនជិះទូកតូចៗចំនួនជាង ១៩០ ដោយឡែកពីគ្នានោះទេ តែគឺនៅលើនាវាដែលរួមជោគវាសនាតែមួយ។ កូនទូកឆ្លងកាត់ព្យុះរលកមិនបានទេ មានតែនាវាយក្សទើបទប់ទល់នឹងការវាយប្រហារ ពីព្យុះភ្លៀងដ៏កាចសាហាវបាន។

២៖ «ទន្លេធំ»

សកលភាវូបនីយកម្មសេដ្ឋកិច្ចជាចរន្តនៃយុគសម័យ។ ពេលទន្លេហូរចូលទៅសមុទ្រ តែងជួបនឹងចរន្តបញ្ច្រាស ក៏ប៉ុន្តែការហូរបញ្ច្រាសណាមួយក្តី មិនអាចឃាត់ឃាំងដំណើរឈានទៅមុខ នៃទឹកទន្លេឡើយ។ កម្លាំងចលករនឹងជួយរុញច្រានទឹកទន្លេហូរទៅមុខ ឯកម្លាំងរារាំងនឹងជំរុញឱ្យទឹកហូរកាន់តែខ្លាំងឡើង។

៣៖ «នំខេក»

ធ្វើនំខេកឱ្យធំសិន សិមចែកចាយឱ្យល្អតាមរយៈយន្តការសមស្រប ទឹកឡើង ទូកក៏បើកកាន់តែលឿន បណ្តាភាគីទទួលបានផលតាមបំណង ដើម្បីឱ្យការអភិវឌ្ឍផ្តល់ផលប្រយោជន៍កាន់តែច្រើន កាន់តែយុត្តិធម៌ដល់ប្រជាជនទាំងអស់។

៤៖ «ខ្លា» (ឆ្នាំខាល)

ប្រឈមមុខនឹងបញ្ហាដ៏តានតឹងនៃមនុស្សជាតិ យើងគួរតស៊ូយកឈ្នះយ៉ាងអង់អាចលើការលំបាកគ្រប់បែបយ៉ាង តាមមាគ៌ាដើរឆ្ពោះទៅមុខ ហាក់បីដូចជាបន្ថែមស្លាបឱ្យសត្វខ្លា ដើម្បីបង្ហាញពីភាពខ្លាំងក្លាកាន់តែច្រើនឡើងៗ ខិតខំពេញទំហឹងដើម្បីលុបបំបាត់ស្រមោលងងឹត ដែលបណ្តាលមកពីជំងឺកូវីដ១៩ ខិតខំពេញទំហឹងដើម្បីជំរុញឱ្យការស្តារសេដ្ឋកិច្ច និងសង្គមកិច្ចឡើងវិញ ដើម្បីឱ្យពន្លឺនៃក្តីសង្ឃឹមចាំងបំភ្លឺមនុស្សជាតិ»។

ការប្រែប្រួលនៃយុគសម័យនិងសភាពការណ៍រីករាលដាល នៃជំងឺឆ្លងប្រចាំសតវត្សរ៍បានត្រួតលើគ្នា ដំណើរអភិវឌ្ឍន៍ជាសកលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ សន្ទស្សន៍អភិវឌ្ឍន៍នៃមនុស្សជាតិបានធ្លាក់ចុះជាលើកទីមួយ ក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមក មនុស្សក្រីក្រលើពិភពលោក បានកើនឡើងចំនួនជាង ១០០លាននាក់ ខណៈមនុស្សចំនួនប្រហែល ៨០០ លាននាក់ស្ថិតក្នុងភាពអត់ឃ្លាន វិស័យជីវភាពរស់នៅរបស់ប្រជាជនដូចជាសន្តិសុខស្បៀង ការអប់រំ ឱកាសការងារ និងសុខាភិបាលជាដើមប្រឈមនឹងលំបាកកាន់តែច្រើន។ តើត្រូវលោតឆ្លងគម្លាតធំខាងការអភិវឌ្ឍតាមវិធីណា ទើបអាចស្តារការអភិវឌ្ឍរបស់ពិភពលោកឡើងវិញ?

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ពេលអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសចិនមានឆន្ទៈចាប់ដៃ សហប្រតិបត្តិការគ្នាជាមួយបណ្តាភាគី ដើម្បីរួមគ្នាជំរុញការអនុវត្តគំនិតផ្តួចផ្តើម អំពីការអភិវឌ្ឍជាសកល ខិតខំប្រឹងប្រែងរួមគ្នា ដោយមិនបោះបង់ចោលប្រទេសណាមួយនោះទេ។

កាលពីខែកញ្ញា ឆ្នាំ ២០២១ លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍជាសកល ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់លើបញ្ហាប្រឈមមុខជាបន្ទាន់ របស់ប្រទេសកំពុងអភិវឌ្ឍន៍។ ពេលថ្លែងសុន្ទរកថានៅថ្ងៃទី ១៧ ខែមករាឆ្នាំនេះ លោកបានគូសបញ្ជាក់ថា មិនថាជួបនឹងការលំបាកអ្វីក៏ដោយ យើងគួរប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ ដែលតម្កល់ទុកប្រជាជនជាស្នូល ខ្លឹមសារសំខាន់នៃនយោបាយម៉ាក្រូរបស់ពិភពលោក គួរផ្តោតលើការជំរុញការអភិវឌ្ឍ និងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។

គួររំលឹកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលលើកឡើងដោយប្រទេសចិន បានក្លាយជាផលិតផលសាធារណៈ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត និងជាវេទិកាកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំបំផុត។ គិតត្រឹមថ្ងៃទី១៨ ខែមករា ប្រទេសចិនបានចុះហត្ថលេខា ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ចំនួនជាង២០០ ជាមួយប្រទេសចំនួន១៤៧ និងអង្គការអន្តរជាតិចំនួន ៣២ ដើម្បីចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយពិភពលោក៕