(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់បង្កឡើងដោយអំពើហិង្សា រវាងភាគីជម្លោះពីរក្រុម ដែលបានបន្តចងគំនុំដាក់គ្នា ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន រហូតមកទល់នឹងព្រឹកថ្ងៃអង្គារនេះ បានបណ្តាលឲ្យមនុស្សស្លាប់សរុប ១៩នាក់ នៅក្នុងក្លឹបខារ៉ាអូខេមួយនៃទីក្រុង សូរ៉ុង (Sorong) ខេត្តប៉ាពួខាងលិច (West Papua) នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

លោក កូមបែស ផូល អាដាម អឺវីនឌី (Kombes Pol Adam Erwindi) មន្ត្រីប៉ូលិសប្រចាំខេត្ត West Papua បានប្រាប់អ្នកសារព័ត៌មាន អំពីចំនួនមនុស្សស្លាប់ខាងលើនេះ ក្រោយហេតុការណ៍ជម្លោះប្រកបដោយអំពើហិង្សា និងការដុតបំផ្លាញទ្រព្យសម្បត្តិ បានស្ងប់ស្ងាត់ទៅវិញ។

មន្ត្រីប៉ូលិសដដែលបានបន្តទៀតថា ជនរងគ្រោះភាគច្រើនបានស្លាប់ នៅក្នុងអណ្តាតភ្លើងដែលបានឆាបឆេះ ក្លឹបខារ៉ាអូខេខាងលើនេះ នៅព្រឹកព្រហាមថ្ងៃអង្គារ (ម៉ោងនៅភាគខាងកើតឥណ្ឌូណេស៊ី) ដោយក្នុងនោះសាកសពសរុប ១៧នាក់ ត្រូវបានរកឃើញនៅជាន់ទី ២ នៃអគារក្លឹប។ រថយន្តមួយចំនួន ក៏ត្រូវបានដុតកម្ទេចផងដែរ នៅក្នុងជម្លោះនោះ។
គួរបញ្ជាក់ថា មូលហេតុពិតប្រាកដដែលបានបង្កទៅជាជម្លោះ រហូតដល់ថ្នាក់វាយតប់គ្នា និងដុតក្លឹបខារ៉ាអូខេខាងលើនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត ដោយប៉ូលិសឥណ្ឌូណេស៊ីនៅឡើយ៕