(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានប្រកាសឱ្យដឹងថា ប្រទេសលោកទើបទទួលបានកញ្ចប់សព្វាវុធទី២ ពីសហរដ្ឋអាមេរិក ដែលស្ថិតក្រោមក្រមខណ្ឌ នៃជំនួយផ្នែកយោធាគិតជាទឹកប្រាក់សរុប ទំហំ២០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

លោកប្រមុខការពារជាតិអ៊ុយក្រែន បានបង្ហោះសារនៅលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «យន្តហោះទី២ បានមកដល់រដ្ឋធានីកៀវហើយ! សព្វាវុធសរុបទម្ងន់ជាង៨០តោន បានមកពីមិត្តរបស់យើងនៅសហរដ្ឋអាមេរិក ដើម្បីជួយពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ហើយវាមិនទាន់អស់ត្រឹមនេះទេ»

កញ្ចប់សព្វាវុធដំបូងទម្ងន់សរុបប្រមាណជា៩០តោន នៃជំនួយយោធាខាងលើ ដែលត្រូវបានសហរដ្ឋអាមេរិកអនុម័ត កាលពីខែធ្នូ ឆ្នាំ២០២១ បានទៅដល់រដ្ឋធានីរបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។

ទីក្រុងវ៉ាស៉ីនតោនបានអះអាងថា ខ្លួននឹងបន្តផ្តល់ការជួយគាំទ្រដល់អ៊ុយក្រែន ចំពោះមុខក្តីបារម្ភអំពីការប្រមូលផ្តុំកម្លាំងទ័ពរាប់ម៉ឺននាក់របស់ ប្រទេសរុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន ដែលត្រូវក្រុមប្រទេសលោកខាងលិច សង្ស័យថាជាការត្រៀមលើកទ័ពចូលឈ្លានពាន។ យ៉ាងណាក្តី ទីក្រុងម៉ូស្គូបានបដិសេធថា មិនមានគម្រោងត្រៀមធ្វើប្រតិបត្តិការយោធាលើប្រទេសណាមួយ ដូចការចោទប្រកាន់នោះទេ៕