(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ័ន ហ្កៃដូ (Juan Guaido) កាលពីថ្ងៃអាទិត្យទី២៣ ខែមករា បានអំពាវនាវឱ្យប្រជាជនវេណេស៊ុយអេឡា ចេញទៅប្រមូលផ្តុំគ្នាតាមដងផ្លូវនាថ្ងៃទី១២ ខែកុម្ភៈខាងមុខ ដើម្បីធ្វើសកម្មភាពតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

លោក ហ្កៃដូ បានចេញសេចក្តីអំពាវនាវខាងលើ កំលុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដើម្បីរំលឹកខួបនៃការបញ្ចប់របបយោធាផ្តាច់ការ កាលពីឆ្នាំ១៩៥៨។ មេបក្សប្រឆាំងលេចធ្លោរូបនេះបានសង្កត់ធ្ងន់ថា បណ្តាបក្សប្រឆាំងនៅវេណេស៊ុយអេឡា ចាំបាច់ត្រូវរួមសាមគ្គីគ្នា ហើយត្រៀមលក្ខណៈចាប់ពីពេលនេះតទៅ នៅចំពោះមុខការប្រកួតប្រជែងយកតំណែងប្រធានាធិបតី ដែលបច្ចុប្បន្នគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៤។

គួរបញ្ជាក់ថា កន្លងមកប្រទេសលោកខាងលិចជាច្រើន ធ្លាប់បានបង្ហាញការគាំទ្រលោក ហ័ន ហ្កៃដូ ជាមេដឹកនាំនៃប្រទេសវេណេស៊ុយអេឡា ប៉ុន្តែចាប់តាំងតែពីការបោះឆ្នោតថ្នាក់តំបន់កាលពីឆ្នាំ២០២១ នៅវេណេស៊ុយអេឡា ប្រទេសភាគច្រើនព្រមទាំងសហភាពអឺរ៉ុប បានគាំទ្ររូបលោកត្រឹមជា មេបក្សប្រឆាំងនាំមុខមួយរូបប៉ុណ្ណោះ៕