(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបង្គាប់ក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួន ចាកចេញពី ប្រទេសអ៊ុយក្រែន ដោយសារបារម្ភពីការគំរាមកំហែងសកម្មភាពយោធាពីសំណាក់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

បទបញ្ជាខាងលើដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតផងដែរឱ្យបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីអ៊ុយក្រែន ដោយ ស្ម័គ្រចិត្ត ខណៈផ្ដល់យោបល់ឱ្យពលរដ្ឋអាមេរិកពិចារណាចាកចេញជាបន្ទាន់។ ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ ប្រទេសអ៊ុយក្រែន បានបញ្ជាក់ ដូច្នេះថា «យើងបានប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន អំពីជំហាននេះ ហើយយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតនៃ
ប្រទេសជាសម្ពន្ធមិត្ត និងដៃគូ ប្រចាំទីក្រុងកៀវ»

គួរបញ្ជាក់ថា បើតាមស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែន រុស្ស៊ីអាចនឹងធ្វើសកម្មភាពយោធាគ្រប់ពេលវេលា ដូច្នេះពលរដ្ឋអាមេរិកគួរតែមានផែនការ និងត្រៀមលក្ខណៈជម្លៀសខ្លួន ឱ្យបានសមស្រប៕