(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានជំរុញឱ្យអឺរ៉ុប និងសហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នបំផុត នៅពេលពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក្នុងករណីដែលទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

លោក អូឡាហ្វ សូលស៍ ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ លោក សូលស៍ បានបញ្ជាក់ដូច្នេះថា «ការប្រុងប្រយ័ត្ននៅក្នុងការចាត់វិធានការឆ្លើយតប វានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកដែលរំលោភបំពានគោលការណ៍រួម ដែលបានឯកភាពគ្នា,,,ហើយព្រមពេលជាមួយគ្នា យើងក៏ត្រូវតែពិចារណាផងដែរពីផលវិបាកចំពោះពួកយើង»។ លោកបន្ថែមថាច្បាស់ណាស់ រាល់ការចាត់វិធានការឆ្លើយតបនឹងរុស្ស៊ី វាក៏នឹងបង្កផលវិបាកដល់អាល្លឺម៉ង់ដែរ។

គួរបញ្ជាក់ថា ជម្រើសដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បណ្ដាប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី នៅក្នុងករណីទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើ អ៊ុយក្រែន ក្នុងនោះរួមមានទាំងការលុបចោលគម្រោងបំពង់ឧស្ម័ន Nord Stream 2 រវាងអាល្លឺម៉ង់ និងរុស្ស៊ី។ ប៉ុន្តែចង់ ឬមិនចង់ វានឹងបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរដល់អឺរ៉ុប ដែលកំពុងប្រឈមមុខនឹងការខ្វះ និងឧស្ម័នឡើងថ្លៃខ្ពស់កប់ពពក៕