(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៤,៩៧៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៩៦៧ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៣៨ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៩៨៤ករណី, ខេត្ត Hải Phòng ៧៦៤ករណី និងខេត្ត Hưng Yên ៦២៩ករណី។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១២៣នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,១៤១,៤២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៨០៤,៨៤៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៦,៧១៩នាក់៕