(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះត្រូវបានគេរាយការណ៍ថាអាចនឹងពង្រីកវិធានការគ្រប់គ្រង COVID-19 ដែលនឹងគ្រប់ដណ្ដប់លើប្រជាជន របស់ខ្លួនជាងពាក់កណ្ដាល ខណៈមេរោគបំប្លែងថ្មីអូមីក្រុង កំពុងបង្កឱ្យករណីឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

មកទល់បច្ចុប្បន្ន ជប៉ុនកំពុងអនុវត្ត «វិធានការប្រកាសភាពអាសន្នមួយផ្នែក» ដែលអនុញាតឱ្យអភិបាលក្រុងនានាអាចដាក់ចេញវិធានការរឹតត្បិតលើ ការធ្វើដំណើរ និងប្រតិបត្តិការអាជីវកម្ម ក្នុងនោះរួមទាំងការកំណត់ និងកាត់បន្ថយរយៈពេលបើកដំណើរការអាជីវកម្មប្រចាំស ម្រាប់ក្លឹបរាត្រី និងភោជនីយដ្ឋាន រួមទាំងហាមឃាត់ការលក់គ្រឿងស្រវឹងផងដែរ។

វិធានការទាំងនេះដែលកំពុងត្រូវបានអនុវត្តស្រាប់ នៅក្នុងតំបន់ចំនួន៣ នឹងត្រូវបានពង្រីកវិសាលភាពគ្រប់ដណ្ដប់លើទីក្រុងតូក្យូ និងខេត្តចំនួន ១២ផ្សេងទៀត ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ។

គួរបញ្ជាក់ថា ជប៉ុន កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃដល់ទៅច្រើនជាង ៣២,០០០ករណី ក្នុងនោះមាន ៥,១៨៥ករណីនៅក្នុងទីក្រុងតូក្យូ ដែលនេះជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តំាងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១មក៕