(បាងកក)៖ ប្រទេសថៃបានបង្ហាញក្តីរំពឹងរបស់ខ្លួនថា «កំណាត់ដំបូង» នៃផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដែលមានប្រវែងសរុបរហូតដល់ ៨៧៣គីឡូម៉ែត្រ ផ្សាភ្ជាប់ទៅកាន់ប្រទេសចិននោះ នឹងអាចបើកដំណើរការនៅឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

កំណាត់ដំបូង នៃផ្លូវរថភ្លើងល្បឿនលឿនខាងលើនេះ នឹងផ្សាភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្ត នគររាជសីម៉ា (Nakhon Ratchasima) ដែលមានប្រវែង ២០០គីឡូម៉ែត្រ ហើយសម្រាប់កំណាត់ទី ២ គឺផ្សាភ្ជាប់ពីខេត្ត នគររាជសីម៉ា ទៅកាន់ខេត្ត ណុង ខៃ (Nong Khai) ជាប់ព្រំដែនប្រទេសឡាវ ដែលមានប្រវែង ៣៣០គីឡូម៉ែត្រទៀត។

បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលថៃបានឲ្យដឹងទៀតថា ផ្លូវរថភ្លើងកំណាត់ទី ២ បច្ចុប្បន្នកំពុងបន្តស្ថិតក្នុងការវាយតម្លៃ ទៅលើផលប៉ះពាល់ផ្នែកបរិស្ថាន ដូច្នេះវាអាចនឹងចាប់ផ្តើមដំណើរការ នៅឆ្នាំ២០២៨។ ប្រទេសថៃ និងចិន បានចុះហត្ថលេខា លើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនខាងលើនេះ កាលពីឆ្នាំ២០១៧ ជាមួយនឹងទឹកប្រាក់សរុបជាង ១៥៧លានដុល្លារអាមេរិក។

គម្រោងខាងលើនេះ ស្ថិតនៅក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ប្រកបដោយមហិច្ឆតារបស់ចិន ដើម្បីផ្សាភ្ជាប់ប្រទេសសេដ្ឋកិច្ចយក្សលំដាប់លេខ ២ នៃពិភពលោកនេះ ជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអាស៊ីខាងត្បូងជាដើម ព្រមជាមួយនឹងការបង្កើតផ្លូវធ្វើនាវាចរ ជាមួយនឹងប្រទេសមជ្ឈិមបូព៌ា និងអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ ខ្សែរថភ្លើងផ្សាភ្ជាប់រវាងប្រទេសឡាវ និងចិន បានចាប់ផ្តើមដំណើរការជាផ្លូវការ។ ដោយឡែកទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងថៃ និងឡាវវិញបានឈានដល់ ៦.៩ពាន់លានបាត (២០៨.៨៤លានដុល្លារអាមេរិក) កាលពីឆ្នាំ២០២១ ធៀបនឹងទំហំ ៤.៦៤ពាន់លានបាត កាលពីឆ្នាំ២០២០៕