(ម៉ាឌ្រីដ)៖ ប្រទេសអេស៉្បាញ ទើបតែបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ១១០,០០០នាក់ថែមទៀត ខណៈកាលពេលថ្មីៗកន្លងទៅនេះ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បានស្នើឱ្យមន្រ្តីអឺរ៉ុបចាត់ថ្នាក់ COVID-19 ជាជំងឺផ្តាសាយ ហើយអំពាវនាវឱ្យគ្រប់គ្នារៀនរស់នៅជាមួយវា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

លោក សាន់ឆេស មានបំណងចង់ឱ្យមានប្រព័ន្ធតាមដាន ដូចជាប្រព័ន្ធតាមដានជំងឺផ្តាសាយ ដើម្បីជំនួសប្រព័ន្ធតាមដាន COVID-19 បច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តីអេស៉្បាញ បាននិយាយយ៉ាងដូច្នេះថា «យើងមានលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់បើកការជជែកដេញដោល នៅកម្រិតបច្ចេកទេស និងនៅកម្រិតអ្នកជំនាញសុខាភិបាល ប៉ុន្តែក៏អាចនៅកម្រិតតំបន់អឺរ៉ុបតែម្តងផងដែរ ដើម្បីចាប់ផ្តើមវាយតម្លៃទៅលើដំណើរវិវដ្តនៃជំងឺនេះ ដោយយោងលើបារ៉ាម៉ែត្រខុសៗគ្នា ដែលយើងទទួលបានមកទល់ពេលនេះ»

គួរបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអេស៉្បាញរូបនេះ គឺផ្ទុយពីបណ្តាថ្នាក់ដឹកនាំមួយចំនួនទៀតនៅអឹរ៉ុប នៅជាបារាំងនិងអាល្លឺម៉ង់ជាដើម ដែលកំពុងផ្តោតជាសំខាន់ទៅលើ បញ្ហាប្រឈមនៅចំពោះមុខ គឺកំណើនយ៉ាងឆាប់រហ័ស នៃករណីឆ្លងនៃបង្កឡើងដោយវីរុស COVID-19 បំប្លែងថ្មី Omicron ដែលហាក់មានសមត្ថភាពឆ្លងរាលដាលកាន់តែលឿន ប៉ុន្តែមិនសូវបង្កជំងឺធ្ងន់ធ្ងរប៉ុន្មាននោះទេ៕