(យូអិន)៖ អគ្គលេខាអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឱ្យមេដឹកនាំធុរកិច្ចទាំងអស់ ផ្ដល់ការគាំទ្រដល់បណ្ដាប្រទេស កំពុងអភិវឌ្ឍន៍ ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំង COVID-19, ការប្រែប្រួលអាកាសធាតុ និងការធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ រៀបចំឡើងក្នុងទីក្រុង ដាវ៉ូស (Davos) ប្រទេសស្វីស នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Guterres ក៏បានព្រមានដែរថា ប្រសិនបើមិនមានការធ្វើសកម្មភាពបន្ទាន់ ក្នុងការផ្ដល់ការគំាទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទេ នោះភាពក្រីក្រកាន់តែមានសភាពធ្ងន់ធ្ងរ ដែលនឹងនាំទៅរកភាពចលាចល និងអំពើហិង្សាកាន់តែច្រើន។

គួរបញ្ជាក់ថា លោក Antonio Guterres បានជំរុញ ក៏ដូចជាអំពាវនាវជាច្រើនលើកមកហើយ ឱ្យមានការធ្វើសកម្មភាពជាសកល ដើម្បីដោះស្រាយ វិសមភាពនៃការទទួលបានវ៉ាក់សាំងបង្ការ COVID-19, ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល៕