(អាថែន)៖ ប្រទេសក្រិចបានដាក់កាតព្វកិច្ចវ៉ាក់សាំង ចំពោះមនុស្សដែលមានអាយុលើសពី៦០ឆ្នាំ ខណៈដែលករណីឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងគំហុក ដែលបានធ្វើឱ្យមន្ទីពេទ្យរងសម្ពាធយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

មនុស្សចាស់ដែលខកខានមិនបានចាក់វ៉ាក់សាំងនឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ដោយចាប់ផ្តើមពីការផាកពិន័យចំនួន៥០អ៊ឺរូ ឬស្មើប្រហែល៥៧ដុល្លារអាមេរិក សម្រាប់ខែមករា ហើយបន្តដោយការផាកពិន័យប្រចាំខែចំនួន១០០អ៊ឺរូ សម្រាប់ខែបន្ទាប់។

គួរបញ្ជាក់ថា ប្រហែល២ភាគ៣ នៃប្រជាជនសរុប១០.៧លាននាក់របស់ប្រទេសក្រិច បច្ចុប្បន្នបានចាក់វ៉ាក់សាំងពេញលេញ។ អត្រាមរណៈភាព និងអត្រាសម្រាកនៅមន្ទីរពេទ្យប្រចាំថ្ងៃបានកើនឡើងជាមួយនឹងការរីករាលដាលថ្មីៗនៃវីរុសបំប្លែងខ្លួនថ្មី Omicron ទោះបីជាស្ថានភាពអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) បានធូរស្រាលបន្តិចក៏ដោយ៕