(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍ចុងក្រោយមួយឲ្យដឹងថា អត្រាក្មេងៗចូលសម្រាកក្នុងមន្ទីរពេទ្យ ដោយសារជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីជំងឺនេះ បានបង្ហាញវត្តមានលើទឹកដីសហរដ្ឋអាមេរិកមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

បើតាម CDC មួយរយៈចុងក្រោយនេះ សហរដ្ឋអាមេរិកបានមើលឃើញ ក្មេងៗអាយុចាប់ពី ១៧ឆ្នាំចុះក្រោម ជាមធ្យមចំនួន ៨៩៣នាក់ក្នុងមួយថ្ងៃ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 ហើយនេះជាអត្រាខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីការកត់ត្រាទិន្នន័យ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។

គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ក្មេងៗចាប់ពីអាយុ ១៧ឆ្នាំចុះក្រោមប្រមាណជាង ៩០,០០០នាក់ហើយ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទូទាំងសហរដ្ឋអាមេរិក។ នៅក្នុងចំណោមនេះ ក្មេងៗអាយុក្រោម ៤ឆ្នាំ មានអត្រាចូលសម្រាកមន្ទីរពេទ្យខ្ពស់ជាងគេ ដោយសារតែពួកគេ មិនទាន់បានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឡើយ៕

យ៉ាងណាក៏ដោយ វីរុសបំប្លែងថ្មី Omicron ត្រូវបានគេដឹងថា មិនមែនជាមូលហេតុ បង្កឲ្យក្មេងៗធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ថ្នាក់ចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យនោះឡើយ។ CDC ក៏បានព្យាករផងដែរថា ចំនួនក្មេងៗចូលសម្រាកមន្ទីរពេទ្យ នឹងបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត៕