(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានឱ្យដឹងថាប្រទេសរបស់លោកនឹងទិញ ឧទ្ធម្ភាគចក្រ ប្រភេទ S-70i Black Hawk ចំនួន ៣២គ្រឿង ពីក្រុមហ៊ុន Sikorsky Aircraft មានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូញ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

បើតាមលោក Delfin Lorenzana សេចក្ដីជូនដំណឹងពីការទិញឧទ្ធម្ភាគចក្រខាងលើ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅក្រោមគម្រោងមួយមានកញ្ចប់ថវិកា ៦២៤លានដុល្លារ។ ដោយមិនបញ្ជាក់លម្អិតពីតម្លៃ ប្រមុខការពារជាតិហ្វីលីពីនរូបនេះបានឱ្យដឹងដែរ ថាកិច្ចសន្យាកំពុងត្រូវបានព្រៀងឡើង ដោយការប្រគល់ឧទ្ធម្ភាគចក្រ ៥គ្រឿងដំបូងអាចនឹងធ្វើឡើងនៅឆ្នាំ២០២៣ ហើយឧទ្ធម្ភាគចក្រដែល នៅសល់ អាចនឹងត្រូវប្រគល់ជាបីដំណាក់គឺនៅឆ្នាំ២០២៤, ឆ្នាំ២០២៥ និងឆ្នាំ២០២៦។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana កាលពីថ្ងៃសុក្រកន្លងទៅនេះក៏បានបង្ហើបឱ្យដឹងផងដែរថាប្រទេសរបស់ លោកទើបសម្រេចបានកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៉ីលប្រឆាំងនាវាពីប្រទេសឥណ្ឌា ក្នុងតម្លៃជិត ៣៧៥លានដុល្លារអាមេរិក ដើម្បីយកទៅពង្រឹងសមត្ថភាពយោធាជើងទឹក នៃប្រទេសអាស៊ានមួយនេះ៕