(ញូដេលី)៖ លទ្ធផលនៃការស៉ើបអង្កេតបានរកឃើញថា ករណីធ្លាក់ឧទ្ធម្ភាគចក្រដែលបានផ្តាច់ជីវិត មនុស្សសរុបចំនួន១៤នាក់ ក្នុងនោះរួមមានទាំង នាយសេនាធិការកងទ័ពឥណ្ឌា លោក Bipin Rawat កាលពីខែធ្នូ ចុងឆ្នាំ២០២១ គឺបណ្តាលមកពីអាកាសយានិក បានភាន់ភាំងស្មារតី ដោយសារការប្រែប្រួលភ្លាមៗ នៃលក្ខខណ្ឌអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

លោក Rawat វ័យ៦៣ឆ្នាំ បានធ្វើដំណើរក្នុងឧទ្ធម្ភាគចក្រមួយគ្រឿងធុន Mi-17 ជាមួយភរិយា និងមន្រ្តីជាន់ខ្ពស់ដទៃទៀត នៅពេលដែលឧទ្ធម្ភាគចក្រនោះ បានធ្លាក់នៅក្បែរគោលដៅ គឺសាលាយោធាមួយកន្លែង ស្ថិតក្នុងរដ្ឋ Tamil Nadu នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ក្រសួងការពារជាតិឥណ្ឌា បានប្រកាសលទ្ធផលស៉ើបអង្កេតខាងលើ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ក្រុមការងារស៉ើបអង្កេតបានធ្វើការពិនិត្យ ទៅលើប្រអប់ខ្មៅទាំងពីររបស់ឧទ្ធម្ភាគចក្រ ដែលមានផ្ទុកទិន្នន័យហោះហើរនិងសំឡេង ហើយសាកសួរសាក្សីផ្សេងៗ ដើម្បីសម្រេចបាន នូវរបាយការណ៍បឋមរបស់ខ្លួន។

គួរបញ្ជាក់ថា លោក Bipin Rawat ត្រូវបានតែងតាំងជា នាយសេនាធិការយោធាដំបូងបង្អស់នៃប្រទេសឥណ្ឌា កាលពីខែមករា ឆ្នាំ២០១៩។ មុខតំណែងនេះត្រូវបានបង្កើតឡើង ក្រោមគោលដៅធ្វើសមាហរណកម្មយោធាទាំង ៣ផ្នែករបស់ឥណ្ឌា គឺទ័ពជើងគោក ទ័ពជើងទឹក និងទ័ពជើងអាកាស៕