Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីអាមេរិកចង់នាំយកបញ្ហារសើបរវាងរុស្ស៉ី និងលោកខាងលិច ឡើងទៅដោះស្រាយនៅ UNSC (Video inside)

15-01-2022 09:51

(យូអិន)៖ ក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់យោបល់ថា ប្រសិនបើប្រទេសរុស្ស៊ីនៅតែបន្តបង្កើនហានិភ័យ ដល់សន្តិសុខប្រទេសអ៊ុយក្រែនទៀតនោះ សហរដ្ឋអាមេរិកគួរតែលើកយកបញ្ហានេះ ទៅដោះស្រាយនៅក្នុងវេទិកា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

ភាពតានតឹងត្រូវបានគេមើលឃើញថា នៅតែបន្តកើតមាននៅឡើយ រវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បន្ទាប់ពីកិច្ចសន្ទនាផ្នែកសន្តិសុខ នៅក្នុងសប្តាហ៍នេះ មិនបានចេញលទ្ធផលជាផ្លែផ្កាអ្វីសោះនោះ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ Reuters ថា «ប្រសិនបើរុស្ស៊ីចេញសកម្មភាព យើងក៏មិនស្ទាក់ស្ទើរក្នុងការរៀបចំ ចំណាត់ការឆ្លើយតបយ៉ាងត្រឹមត្រូវ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីការពារគោលការណ៍នៃធម្មនុញ្ញ UN នោះឡើយ។ ជម្រើសគ្រប់យ៉ាងមាននៅលើតុរួចជាស្រេច... យើងរង់ចាំតែពេលវេលាស័ក្តិសម ដើម្បីធ្វើរឿងនេះប៉ុណ្ណោះ...»

គួរបញ្ជាក់តាមក្រុមអ្នកអង្កេតការណ៍អន្តរជាតិថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយរថក្រោះ, កាំភ្លើងធំ និងកងទ័ពរាប់ម៉ឺននាក់ នៅលើទឹកដីរបស់ខ្លួនក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែននឹងគ្មានថ្ងៃ ក្លាយជាសមាជិកអង្គការ NATO នោះឡើយ ព្រោះវានឹងក្លាយជាការគំរាមកំហែងដ៏ធំ ដល់សន្តិសុខជាតិរុស្ស៊ី៕