(វ៉ាស៊ីនតោន)៖ កិច្ចចរចារវាងក្រុមមន្ត្រីអាមេរិក និងអង្គការ NATO ជាមួយរុស្ស៊ី បានបិទបញ្ចប់ទៅដោយមិនមានលទ្ធផលអ្វីជាដុំកំភួននោះទេ ផ្ទុយទៅវិញមានតែការ ផ្លោងសម្ដីព្រមានដាក់គ្នាទៅវិញទៅមកពីការផ្ទុះសង្គ្រាម ខណៈស្ថានការណ៍នៅតំបន់ព្រំដែនអ៊ុយក្រែនកាន់តែអាក្រក់ឡើង ចំពោះមុខការព្រួយបារម្ភថាទីក្រុងម៉ូស្គូ អាចនឹងប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីទូតអាមេរិក លោក Michael Carpenter បានបញ្ជាក់ដូច្នេះថា «ស្គរសង្គ្រាមបាន និងកំពុងបន្លឺសំឡេង ស្របពេលចេតនាពិតប្រាកដរបស់ ទីក្រុងម៉ូស្គូ គ្មាននរណាម្នាក់ដឹងច្បាស់ឡើយ»។ លោកបន្ថែមទៀតថាកងទ័ពរុស្ស៊ីជិត ១សែននាក់ ត្រូវបានដាក់ពង្រាយនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយ
មិនតែប៉ុណ្ណោះ អាវុធទំនើបៗ និងប្រព័ន្ធកាំភ្លើងធំជាច្រើន ក៏ត្រូវបានដាក់ពង្រាយផងដែរ។

នៅឯទីក្រុងវ៉ាស៊ីនតោន, ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដោយផ្អែកលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានអះអាងថារុស្ស៊ី បានបង្កើតលេស ជាច្រើន ដើម្បីបើកការឈ្លានពានក្នុងនោះរួមមានទាំងការចោទប្រកាន់អ៊ុយក្រែនថាកំពុងត្រៀមខ្លួនបើកការវាយប្រហារភ្លាមៗលើកងទ័ពរុស្ស៊ី នៅក្នុងតំបន់ភាគខាងកើត អ៊ុយក្រែន។ «យើងបានឃើញរួចមកហើយ ការលេងល្បែងបែបនេះកាលពីឆ្នាំ២០១៤ ហើយពួកគេកំពុងត្រៀមលេងល្បែងបែបនេះសាជាថ្មី តែសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច»។ នេះជាការបញ្ជាក់របស់លោក Jake Sullivan ប្រាប់អ្នកសារព័ត៌មាននៅក្នុងសប្ដាហ៍នេះ។

ពិតមែនទៅ អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានជូនដំណឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ថារុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់នៅក្បែរតំបន់ ព្រំដែនរបស់ខ្លួន។ ប៉ុន្តែ វិមានក្រឹមឡាំងតែងតែចេញមុខបដិសេធជានិច្ចថាខ្លួនមិនមានផែនការប្រើកម្លាំងយោធាវាយប្រហារលើ ប្រទេសដទៃនោះទេ ហើយថែមបាន ចោទត្រឡប់ទៅវិញផងដែរថាអង្គការ NATO ទៅវិញទេជាអ្នកកំពុងបង្កអស្ថិរភាពក្នុងតំបន់អឺរ៉ុប។ អាមេរិក និងអឺរ៉ុបបានព្រមានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុតលើ រុស្ស៊ី ប៉ុន្តែទណ្ឌកម្មត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថានឹងមិនមានប្រសិទ្ធភាពអាចទប់ស្កាត់ ឬកំញើញរុស្ស៊ីបាននោះទេ។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg កាលពីថ្ងៃពុធសប្ដាហ៍នេះបានលើកឡើងថាកិច្ចប្រជុំមានរយៈពេល ៤ម៉ោង ជាមួយក្រុមមន្ត្រីរុស្ស៊ីបានបិទបញ្ចប់ ទៅ ដោយបន្សល់ទុកនូវការខ្វែងគំនិតគ្នាលើបញ្ហាស្នូលជាច្រើន។ លោកប្រមុខ NATO រូបនេះបានបញ្ជាក់ដូច្នេះថា «សម្ពន្ធមិត្ត NATO ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមក្នុង កិច្ចសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែយើងនឹងផ្ដល់សម្បទានលើគោលការណ៍ស្នូលណាមួយឡើយ ហើយយើងក៏នឹងមិនផ្ដល់សម្បទានលើដែនអធិបតេយ្យភាព និងបូរណភាព ទឹកដី នៃគ្រប់បណ្ដាប្រទេសទាំងអស់ក្នុងតំបន់អឺរ៉ុប នោះដែរ»

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក, អ៊ុយក្រែនបានព្យាយាមចូលជាសមាជិកអង្គការ NATO ដើម្បីទទួលបានការធានាសន្តិសុខពីបក្សសម្ពន្ធយោធាមួយនេះនៅក្រោម មាត្រា ៥ ដែលចែងថាការវាយប្រហារលើរដ្ឋជាសមាជិកណាមួយ គឺជាការវាយប្រហារលើអង្គការ NATO ទាំងមូល។ ចំណែកឯ លោក ពូទីន បានប្រកែកយ៉ាងដាច់ណាត់ ជាមួយការគូស «បន្ទាត់ក្រហម» សម្រាប់ NATO មិនត្រូវទទួលយកអ៊ុយក្រែនជាសមាជិកជាដាច់ខាត។ ការទទួលយកអ៊ុយក្រែនជាសមាជិក NATO ត្រូវបានលោក ពូទីន ចាត់ទុកជាយុទ្ធសាស្ត្រពង្រីកឥទ្ធិពលឆ្ពោះមកទិសខាងកើតរបស់ NATO ដែលនេះជាការគំរាមកំហែងមួយដល់សន្តិសុខរុស្ស៊ី។

សំណុំរឿងអ៊ុយក្រែន ក៏ដូចជាតៃវ៉ាន់ដែរ ពោលគឺចិនចាត់ទុកតៃវ៉ាន់ជាតំបន់យុទ្ធសាស្ត្រ និងជាទ្រនាប់ការពារមួយពីការឈ្លានពានណាមួយពីសំណាក់សហរដ្ឋអាមេរិក រីឯសម្រាប់រុស្ស៊ី ក៏ដូចគ្នាដែរ នោះគឺចាត់ទុកអ៊ុយក្រែនជាតំបន់ទ្រនាប់ការពារ និងជាទីតាំងដ៏សំខាន់ស្ថិតនៅក្បែររបងផ្ទះរបស់ខ្លួនដែលចំាបាច់ដើម្បីទប់ស្កាត់ការពង្រីក ឥទ្ធិពលរបស់ NATO៕

ប្រភព៖ CNBC (ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២)