(ឡុងដ៍)៖ ព្រះរាជវាំងចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា មហាក្សត្រីអង់គ្លេស អេលីហ្សាបេតទី២ (Elizabeth II) បានសម្រេចព្រះទ័យយល់ព្រម ចំពោះការដកតួនាទីយោធាក៏ដូចជាងាររាជវង្ស របស់ព្រះអង្គម្ចាស់ អាន់ឌ្រូ (Andrew) ដែលត្រូវជាព្រះបុត្រាទី២ របស់ទ្រង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ព្រះរាជវាំងអង់គ្លេស បាក់ឃីងហាម (Buckingham Palace) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយស្របទៅតាមការអនុញ្ញាតនិង ការឯកភាពរបស់មហាក្សត្រី អេលីហ្សាបេត តំណែងយោធានិងងារជាសែរាជវង្ស របស់ព្រះអង្គម្ចាស់ Andrew ត្រូវបានប្រគល់ឱ្យទៅព្រះមហាក្សត្រីវិញហើយ។ ព្រះអង្គម្ចាស់នឹងបន្តមិនបំពេញភារកិច្ចសាធារណៈនានាដដែល ហើយនឹងឡើងការពារក្តីនៅសហរដ្ឋអាមេរិក ក្នុងនាមជាប្រជាជនទូទៅ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់អង់គ្លេសអង្គនេះ នឹងត្រូវតតាំងរឿងក្តីមួយនៅអាមេរិក ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទ។ ព្រះអង្គម្ចាស់ Andrew ត្រូវបានស្ត្រីជនជាតិអាមេរិកឈ្មោះ វើជីនៀ ជូហ្វហ្វ្រេ (Virginia Guiffre) ចោទប្រកាន់ថា ធ្លាប់បំពានផ្លូវភេទទៅលើអ្នកស្រី កាលពីអ្នកស្រីនៅមានអាយុ១៧ឆ្នាំ។ អ្នកស្រី Guiffre បានអះអាងថា ខ្លួនត្រូវបានអតីតមហាសេដ្ឋីអាមេរិក លោក ចេហ្វហ្វ្រី អេបស្តាយ (Jeffrey Epstein) ជួញដូរឱ្យបម្រើផ្លូវភេទ ទៅកាន់ក្រុមអ្នកមានទ្រព្យស្តុកស្តម្ភ និងក្រុមអ្នកមានអំណាចផ្សេងៗ៕