(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍បែបព្រមានមួយ ទៅកាន់រដ្ឋបាលលោក ចូ បៃដិន ចំពោះការដាក់ទណ្ឌកម្មប្រឆាំងខ្លួន ជុំវិញការធ្វើតេស្តមីស៊ីលហោះលឿនជាងល្បឿនសំឡេង (hypersonic missle) ចំនួនពីរលើក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសកូរ៉េខាងជើង ដែលត្រូវបានផ្សព្វផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នោះ បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ទៅនឹងការដាក់ទណ្ឌកម្ម លើបុគ្គល ៥នាក់នៅកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍអាវុធមីស៊ីល។ កូរ៉េខាងជើងបានព្រមានចាត់វិធានការឆ្លើយតប ទៅកាន់សហរដ្ឋអាមេរិកវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត។
តាមរយៈសេចក្តីថ្លែការណ៍នោះ កូរ៉េខាងជើងក៏បានលើកឡើងផងដែរថា ការធ្វើតេស្តមីស៊ីលដែលអាចហោះលឿនជាងសំឡេងរបស់ខ្លួន គឺជាសមយុទ្ធស្វ័យការពារ និងជាទង្វើដ៏ត្រឹមត្រូវ។ កូរ៉េខាងជើងថែមទាំងបានគូសបញ្ជាក់ទៀតថា ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកចំពោះខ្លួន គឺជាការបង្កអរិភាព និងរុញច្រានឲ្យកូរ៉េខាងជើងកាន់តែឯកោ និងរឹងមាំ។
គួរបញ្ជាក់តាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រទេសកូរ៉េខាងជើងទំនងជា កំពុងទាក់់ទាញចំណាប់អារម្មណ៍ តាមរយៈការបាញ់តេស្តមីស៊ីលថ្មីៗនេះ ខណៈលោកផ្ទាល់ចាត់ទុកថា វាក៏កំពុងបង្កឲ្យមាន «អស្ថិរភាព» យ៉ាងខ្លាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានអំពាវនាវជាថ្មីឲ្យកូរ៉េខាងជើង ចូលមកអង្គុយក្នុងតុសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយលោកថែមទាំងបានអះអាងទៀតថា សហរដ្ឋអាមេរិកគ្មានចេតនា បង្កអរិភាពណាមួយ ចំពោះរបបដឹកនាំរបស់លោក គីម ជុងអ៊ុន នោះឡើយ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍បែបព្រមានរបស់កូរ៉េខាងជើងខាងលើនេះ ហាក់ចង់បញ្ជាក់តបទៅវិញថា ការដាក់ទណ្ឌកម្មផង និងអញ្ជើញឲ្យចូលតុសន្ទនាឡើងវិញផងបែបនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ៕