(សេអ៊ូល)៖ កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ ជនជាតិកូរ៉េខាងជើងម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថាបានលួចរត់ឆ្លងដែនចូលទៅក្នុងទឹកដី កូរ៉េខាងជើងវិញ បន្ទាប់ពីរូបគេបានប្រថុយជីវិតឆ្លងដែនចូលទឹកដីកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០។ ហេតុការណ៍នេះ បាន និងកំពុងបង្កឱ្យមានការសន្និដ្ឋានខុសៗគ្នា ដោយខ្លះថាបុរសជាជនជាតិកូរ៉េខាងជើងរូបនេះអាចជាចារកម្ម រីឯខ្លះទៀតថាដោយសារតែទ្រាំនឹងការរើសអើងនៅកូរ៉េខាងត្បូងមិនបាន ឬនឹកស្រណោះប្រទេស កំណើតរបស់ខ្លួន។
បុរសកូរ៉េខាងជើងខាងលើមានអាយុ ២៩ឆ្នាំ និងឈ្មោះថា Kim Woo-joo។ លោក Kim Woo-joo បានលួចឆ្លងដែនពីកូរ៉េខាងជើង ចូលកូរ៉េខាងត្បូងកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយលោកបានប្រាប់ក្រុមមន្ត្រូកូរ៉េខាងត្បូងថារូបលោកបានប្រថុយជីវិតរត់គេចពីការធ្វើបាបពីឪពុកចុង។ ក្រោយទទួលបានសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូង Kim Woo-joo បានប្ដូរឈ្មោះទៅជា Kim Woo-jeong ដោយមានការងារជាបុគ្គលិកអនាម័យ។
ប្រជាជនកូរ៉េខាងជើងប្រហែលជា ៣០០,០០០នាក់ បានលួចឆ្លងដែនគេចចេញពីប្រទេសរបស់ខ្លួន ចាប់តាំងពីចុងបញ្ចប់សង្រ្គាមកូរ៉េនៅឆ្នាំ១៩៥៣មក ហើយក្នុង
ចំណោមពួកគេមាន ៣០,០០០នាក់ ទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពិតមែនទៅ ជនភៀសខ្លួនកូរ៉េខាងជើង ត្រឡប់ទៅកាន់ប្រទេសកំណើត វិញ គឺជារឿងកម្រ ដោយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះមានជនភៀសខ្លួន៣០នាក់ បានលួចឆ្លងដែនទៅកាន់កូរ៉េខាងជើងវិញ។ ប៉ុន្តែ ក្រៅតែពីការសង្ស័យថា ពួកគេអាចជាទីភ្នាក់ចារកម្ម មានហេតុផលផ្សេងទៀត នោះគឺគេជឿថាជនភៀសខ្លួនកូរ៉េខាងជើងទាំងនោះនឹកស្រណោះក្រុមគ្រួសារ និងជីវភាពរស់នៅរបស់ពួកគេ ក្នុងប្រទេសកូរ៉េខាងជើង ទោះបីជាលំបាកវេទនាប៉ុនណាក៏ដោយ ស្របពេលមួយចំនួនសុខចិត្តតស៊ូសម្របខ្លួនរស់នៅលើទឹកដីកូរ៉េខាងត្បូង។
*ចេញពីកន្លែងអស់សង្ឃឹម ចូលកន្លែងកាន់តែអស់សង្ឃឹម?
ជនភៀសខ្លួនកូរ៉េខាងជើងជាច្រើនដែលលួចរត់ឆ្លងដែនចូលកូរ៉េខាងត្បូង ភាគច្រើនមកពីខេត្តភាគខាងជើងរបស់កូរ៉េខាងជើង ហើយក្នុងនោះទៀតសោត ពួកគេ ភាគច្រើនគឺជាកម្មករធ្វើការដោយដៃ ឬជាកសិករដែលមានកម្រិតអប់រំទាបបំផុត។ ម្លោះហើយ ការរកប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ ក៏នៅមានកម្រិតទាបមិនសម ល្មមអាចរស់នៅក្រោមជីវភាពសមរម្យក្នុងប្រទេសជឿនលឿនមួយ ដូចជាកូរ៉េខាងត្បូងនោះទេ។ តួយ៉ាង ក្នុងឆ្នាំ២០១៩ ជនភៀសខ្លួនកូរ៉េខាងជើងជាស្រី្តម្នាក់ និងកូន ប្រុសរបស់គាត់ បានស្លាប់ក្នុងទីក្រុងសេអ៊ូល ដែលត្រូវបានគេសន្និដ្ឋាននៅពេលនោះថាបណ្ដាលមកពីការអត់ឃ្លាន។
ជនភៀសកូរ៉េខាងជើងក៏ទទួលរងការរើសអើង ធ្វើបាបពីសំណាក់ជនជាតិកូរ៉េខាងត្បូងមួយចំនួនផងដែរ ហើយនេះជាហេតុផលមួយទៀតធ្វើឱ្យពួកគេប្រឈមមុខនឹង បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ៨០ភាគរយនៃជនភៀសខ្លួនកូរ៉េខាងជើងដែលជ្រកកោន នៅកូរ៉េខាងត្បូងគឺជាស្ត្រីដែលជាធម្មតាតែងតែទទួលរងការរើសអើងពីនិយោជក ឬថៅកែរោងចក្រ ព្រមទាំងពិបាកទទួលបានសេវាសង្គមនានា និងពេលខ្លះត្រូវគេបង្ខំឱ្យធ្វើជាស្ត្រីបម្រើកម្សាន្តសប្បាយ ឬបម្រើផ្លូវភេទផងដែរ ហើយនេះមិនទាន់រាប់ បញ្ចូលទាំងបញ្ហាកូនៗរបស់ពួកគេរងការរើសអើង និងធ្វើបាបនៅសាលារៀនផង។
គួរបញ្ជាក់ថា ជោគវាសនារបស់ជនភៀសខ្លួនកូរ៉េខាងជើង នៅក្នុងប្រទេសកូរ៉េខាងត្បូង មានលក្ខណៈស្រដៀងគ្នាទៅនឹងជនភៀសខ្លួនអតីតអាល្លឺម៉ង់ខាងកើតដែរ។ តែ ពលរដ្ឋអាល្លឺម៉ង់ខាងកើត មិនមែនត្រូវប្រថុយជីវិត ឬបោះបង់ចោលគ្រួសាររបស់ពួកគេ ហើយគម្លាតរវាងសេដ្ឋកិច្ច និងវប្បធម៌រវាងអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ ខាងកើត មុននឹងរួបរួមគ្នាជាប្រទេសអាល្លឺម៉ង់ថ្ងៃ ក៏មិនមានភាពខុសគ្នាឆ្ងាយដូចជាកូរ៉េខាងត្បូង និងកូរ៉េខាងជើងដូចសព្វថ្ងៃនោះដែរ៕
ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២)