(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានច្រានចោលរាល់ការទាមទារ ដែនអធិបតេយ្យភាពរបស់ចិន លើតំបន់សមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ទុកថាជារឿងខុសច្បាប់ មិនថាផ្អែកលើមូលដ្ឋានភូមិសាស្ត្រ ឬប្រវត្តិសាស្ត្រនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

នៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយមានកម្រាស់ ៤៧ទំព័រ ការិយាល័យទទួលបន្ទុកិច្ចការមហាសមុទ្រ បរិស្ថានអន្តរជាតិ និងវិទ្យាសាស្ត្រ នៃក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា ចិនគ្មានមូលដ្ឋានណាមួយ ដែលមានចែងនៅក្រោមច្បាប់អន្តរជាតិ ដើម្បីទាមទារដែនអធិបតេយ្យភាពដែលកំពុងបង្កជាជម្លោះជាមួយហ្វីលីពីន, វៀតណាម និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍ដទៃទៀតនោះទេ។

របាយការណ៍សិក្សាដដែលបានលើកឡើងទៀតថា «ការទាមទារដែនអធិបតេយ្យភាព ឬយុត្តាធិការផ្ដាច់មុខរបស់ចិនលើតំបន់សមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ ហើយការទាមទារទាំងនេះ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ច្បាប់សមុទ្រ និងច្បាប់អន្តរជាតិ ដែលមានចែងនៅក្នុងអនុសញ្ញា»។ អនុសញ្ញាដែលរបាយការណ៍នេះបានលើកឡើង គឺចង់សំដៅទៅលើ អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្ដីពីច្បាប់សមុទ្រ ដែលត្រូវបានចិនផ្ដល់សច្ចាប័ន ខណៈសហរដ្ឋអាមេរិកមិនទាន់ផ្ដល់សច្ចាប័ននោះទេ។

គួរបញ្ជាក់ថា ជាមួយការចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវខាងលើ ក្រសួងការបរទេសអាមេរិកក៏បានអំពាវនាវជាថ្មីផងដែរ ឱ្យចិនបញ្ឈប់សកម្មភាពខុសច្បាប់ និងការសម្លុតគំរាមនៅក្នុងតំបន់សមុទ្រចិនខាងត្បូង នៅមុខការប្រជែងដណ្ដើមឥទ្ធិពលគ្នា រឹតតែខ្លាំងរវាងមហាអំណាចទាំង ២។ នេះគឺជាលើកដំបូងហើយ សម្រាប់រដ្ឋបាលលោក ចូ បៃដិន ក្នុងការដាក់ចេញនូវិធានការ ដើម្បីប្រឈមមុខជាមួយចិនដោយផ្ទាល់ លើបញ្ហាសមុទ្រចិនខាងត្បូង។ ជុំវិញបញ្ហានេះ ទីក្រុងប៉េកាំងនៅមិនទាន់ធ្វើការឆ្លើយតបណាមួយ នៅឡើយទេ៕